រថយន្ត Rang Rover សេរីទំនើបមួយគ្រឿងទៀត ឆ្លងចរន្តអគ្គិសនី ឆេះសល់តែគ្រោងឆ្អឹង
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណី រថយន្តមួយគ្រឿងម៉ាក Rang Rover ពណ៌ ស ស្លាកលេខ កម្ពុជា FCAI 1668 ត្រូវបានឆាបឆេះជាអគ្គិភ័យសន្ធោសន្ធៅ នៅសល់តែគ្រោងឆ្អឹង ទោះបីជា រថយន្តពន្លត់អគ្គិភ័យ នៃស្នងការរដ្ឋាននគរបាលខេត្តសីហនុ បានចេញទៅជួយពន្លត់បែបណាក្តី ក៏ជួយពន្លត់មិនទាន់ដែរ។
សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យឆាបឆេះរថយន្តខាងលើនេះ កើតឡើងនៅម៉ោង ១ និង៣០នាទី យប់រំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ហើយថា អគ្គិភ័យនេះ បានកើតឡើងក្នុងពេល រថយន្តកំពុងបើកបរតាមផ្លូវមួយ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលពន្លត់អគ្គិភ័យ បញ្ជាក់បន្ថែមថា ម្ចាស់រថយន្ត ត្រូវភ្លើងឆេះនេះ ឈ្មោះ ទាវ គឹមភាវ ហើយមូលហេតុ បង្កឲ្យកើតមានជាអគ្គិភ័យ ឬភ្លើងឆាបឆេះ គឺដោយសាររថយន្តនេះ បានធ្លាយធុងប្រេង រួចក៏ឆ្លងចរន្តភ្លើង បង្កើតទៅជាអគ្គិភ័យកើតឡើង។
យ៉ាងណា អគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ៕