តំណាងពលរដ្ឋ៣៥១គ្រួសារ ដាក់លិខិតជូន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើដកលោក នង ម៉ូវ ចេញពីស្មៀនឃុំត្រពាំងស្តៅ..
រាជធានីភ្នំពេញ ៖ តំណាងពលរដ្ឋចំនួន ៣៥១គ្រួសារ បានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ ទៅលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យដកលោក នង ម៉ូវ ចេញពីស្មៀនឃុំត្រពាំងស្តៅ..។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលលិខិត របស់ប្រជាពលរដ្ឋ រស់នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលស្នើសុំទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យដកតួនាទី ស្មៀនឃុំត្រពាំងស្តៅ និងបើកការស៊ើបអង្កេតលើ លោក នង ម៉ូវ ពាក់ព័ន្ធបទប្រពឹត្ត អំពើពុករលួយ និងរំលោភអំណាច នៅក្នុងសាលាឃុំត្រពាំងស្តៅ..។
លោក នង ម៉ូវ មេឃុំត្រពាំងស្តៅ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានចោទថា ជាមន្រ្តី គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយដើរបង្កើតបក្ខពួក ឱ្យប្រព្រឹត្តអំពើពុករលួយ កិបកេងថវិកាអភិវឌ្ឍ ក្នុងមូលដ្ឋាន ជាពិសេស រំលោភយកដី របស់ប្រជាពលរដ្ឋ យកទៅលក់ឱ្យក្រុមហ៊ុន និងរកស៊ីជីកយកអាចម៍លក់ជាដើម..។
សូមបញ្ជាក់ថា លោក នង ម៉ូវ ធ្លាប់ត្រូវបានមន្ត្រីក្រសួងមហាផ្ទៃ ចុះមកសួរនាំម្តងរួចមកហើយ ជុំវិញការប្រព្រឹត្តសកម្មភាពមិនប្រក្រតី នៅក្នុងមូលដ្ឋាន និងការអនុវត្តតួនាទី មិនបានត្រឹមត្រូវ នាពេលកន្លងមក។
នេះបើតាមការបញ្ជាក់ របស់ក្រុមប្រឹក្សាឃុំ និងមន្រ្តីមួយចំនួន បម្រើការងារ នៅសាលាឃុំត្រពាំងស្តៅ លើកឡើង..។
ករណី ស្មៀនឃុំត្រពាំងស្តៅ ឈ្មោះ នង ម៉ូវ នេះដែរ ប្រជាពលរដ្ឋ បានអះអាងថា កន្លងមកថ្មីៗនេះ បានបញ្ជាទៅប្រធានភូមិ និងអនុភូមិ ឱ្យដើរចុះតាមខ្នងផ្ទះបង្ខំ ប្រជាពលរដ្ឋ ផ្តិតមេដៃ ដើម្បីស្នើសុំកុំឱ្យដករូប លោក ចេញពីស្មៀនឃុំត្រពាំងស្តៅ។ សកម្មភាពនេះ គឺកើតឡើង ក្រោយពេលដឹងថា ក្រុមប្រជាពលរដ្ឋ ជាង ៣០០គ្រួសារ បានផ្តិតស្នាមមេដៃ ដាក់លិខិតជូនទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យដកតួនាទីលោក ចេញពីមូលដ្ឋាននេះ រួចមក៕