លោក សឹង សារិន សំណូមពរឱ្យ សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ករណីវិវាទដីធ្លី ជាមួយ លោក ប៉ុល សារឿន..

ខេត្តព្រះសីហនុ ៖ ក្រុមគ្រួសារលោក សឹង សារិន ជាប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ បានរៀបរាប់ក្នុងទឹកមុខក្រៀមក្រំថា គ្រួសារគាត់ បានជួបនូវរឿងអយុត្តិធម៌បំផុត លើករណីដីធ្លី ដែលរូបគាយ ធ្លាប់បង់ពន្ធជូនរដ្ឋ រយៈពេល ១៤ឆ្នាំ ប៉ុន្តែបែរជា ត្រូវគេប្តឹងឡើងតុលាការ ហើយនឹងត្រូវតុលាការបង្គាប់ផ្ទេរសិទ្ធ កាន់កាប់ដីធ្លី របស់ខ្លួន ទៅឱ្យ ឈ្មោះ ប៉ុល សារឿន នៅថ្ងៃទី០៦ ខែមីនា  ឆ្នាំ២០២៥ ថ្ងៃស្អែកនេះ ។

ផ្តើមពីបញ្ហានេះ ក្រុមគ្រួសារ ក៏ដូចជា លោក សឹង សារិន បានលើកម្រាមដៃដប់ សំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ និងស្វែងរកយុត្តិធម៌ ជូនគ្រួសារគាត់ផង។

លោក សឹង សារិន បានរៀបរាប់ថា ក្រុមគ្រួសារលោក ទាំងអ្នករស់នៅក្នុងស្រុក និងគ្រួសារ រស់នៅប្រទេសបារាំង បានចូលលុយគ្នា ដើម្បីទិញដីមួយកន្លែងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាំងឆ្នាំ១៩៩២មកម៉្លេះ។ ហើយដីនេះ ក៏បានទទួលប្លង់ដី L-Map តាំងពីឆ្នាំ២០១០ និង បានបង់ពន្ធដីជូនរដ្ឋ ត្រឹមត្រូវរយៈពេល ១៤ឆ្នាំ កន្លងមកហើយដែរ។

លោក សឹង សារន បន្តថា ដីធ្លី របស់គាត់នេះ ក៏មានស្នាមេដៃទទួលស្គាល់ព្រំដី និងមានឯកសារ ឬលិខិត ចេញដោយមន្ទីររៀបចំដែនដី បញ្ជាក់ថា ដី របស់គាត់ មានប្លង់រឹង L-Map ស្របច្បាប់ត្រឹមត្រូវ ប៉ុន្តែបែរជា ត្រូវតុលាការបង្គាប់ផ្ទេរសិទ្ធ ទៅឱ្យឈ្មោះ ប៉ុល សារឿន នៅថ្ងៃទី០៦ ខែមីនា  ឆ្នាំ២០២៥ ស្អែកនេះ។

លោក សឹង សារិន បញ្ជាក់បន្ថែមថា ថ្ងៃធ្វើប្លង់ជាប្រព័ន្ធឆ្នាំ២០១០ គឺមន្ត្រីជំនាញ បានចុះវាស់វែងជាក់ស្តែង និងបានបិទប្រកាសផ្សព្វផ្សាយ តាមនីតិវិធីត្រឹមត្រូវ។ បន្ថែមលើនេះ រូបគាត់ ក៏ទទួលបានប្លង់រឹង យកមកកាន់ក្នុងដៃ ព្រមទាំង បានបង់ពន្ធជូនរដ្ឋជាបន្តបន្ទាប់រហូតមក ប៉ុន្តែបែរជា ត្រូវបុគ្គលមានអំណាចខាងលើ ប្តឹងពួកគាត់ទៅតុលាការ ដើម្បីទាមទារយកដី ពីពួកគាត់ទៅវិញ។

វិវាទដីធ្លីនេះ លោក សឹង សារិន បញ្ជាក់ថា គ្រួសារគាត់ ត្រូវតុលាការគ្រប់ជាន់ថ្នាក់ បានសម្រេចឱ្យគាត់ចាញ់ក្តីជាបន្តបន្ទាប់។

លោក សឹង សារិន បន្តថា ដោយពួកគាត់ ជាពលរដ្ឋធម្មតា មិនអាចមានលទ្ធភាពតតាំងក្តី ជាមួយ មន្ត្រីមានអំណាចឡើយ គឺមានតែសូមសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុ ជួយពិនិត្យ និងជួយរកយុត្តិធម៌ ជូនក្រុមគ្រួសារ របស់គាត់ ដោយអនុគ្រោះផងចុះ។

លោកបន្តថា វាជារឿងអយុត្តិធម៌ខ្លាំងណាស់ សម្រាប់គ្រួសារគាត់ ដែលកាន់កាប់ដីធ្លីត្រឹមត្រូវ ហើយមានទាំងប័ណ្ណស្លាបមាន់ រហូតដល់មានប័ណ្ណប្រព័ន្ធ L-Map រួចហើយ តែបែរជា ត្រូវបានគេប្តឹង ដកហូតយកដីធ្លី របស់ខ្លួនទៅវិញ។

យ៉ាងណាក៏ដោយចុះ គេហទំព័រ “ខ្មែរស្ថាបនា” នៅមិនទាន់អាចទាក់ទង លោក ប៉ុល សារឿន ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ ខាងលើបានទេ។ ខណៈ អ្នកនាំពាក្យអយ្យការសាលាដំបូង ខេត្តព្រះសីហនុ ក៏មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺជុំវិញវិវាទដីធ្លី ខាងលើបានដែរ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ៕

ព័ត៌មានដែលជាប់ទាក់ទង