ស្ថាបត្យករ លូ បានហាប់ អ្នកស្ថាបនារាជធានីភ្នំពេញ ទទួលមរណភាពហើយ ក្នុងជន្មាយុ៩២ឆ្នាំ
រាជធានីភ្នំពេញ ៖ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយថា លោកព្រឹទ្ធាចារ្យមហាស្ថាបត្យករ លូ បានហាប់ បានទទួលមរណភាពហើយ នៅម៉ោង ១៦និង១៥នាទី ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
ដំណឹងនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ របស់ប្រជាជាតិកម្ពុជា ដែលមានតម្លៃ មិនអាចកាត់ថ្លៃបាន។
ក្នុងសម័យសង្គមរាស្រ្តនិយម លោកជាស្ថាបត្យករមួយរូប ដែលបានគូរប្លង់ និងចូលរួមកសាង សណ្ឋាគារ ខេមបូឌីយ៉ាណា, រាជដំណាក់ព្រះគន្ធបុប្ផា នៅក្នុងវិមានរដ្ឋចម្ការមន, អាគារសាលាខេត្តកណ្តាល , មហោស្រពចេនឡា, អគារប៊ូឌីង, វិទ្យាល័យទួលស្វាយព្រៃ, មណ្ឌលកីឡាខេត្តបាត់ដំបង , អាគារសាកលវិទ្យាល័យភូមិន្ទកំពង់ចាម , ព្រះរាជដំណាក់ លើភ្នំគិរីរម្យជាដេីម..។
គុណសម្បត្តិដ៏សំខាន់មួយទៀត កាលពីឆ្នាំ១៩៦០ សម្តេចព្រះនរោត្តមសីហនុ ចេញព្រះរាជបញ្ជាចាត់តាំងឲ្យ លោកដឹកនាំបង្កើតមន្ទីរសាងសង់លំនៅដ្ឋាន និងរៀបចំគំរោងប្លង់ នៃសាលារាជធានីភ្នំពេញ ដោយលោកអភិបាលរាជធានី ទេព ផន បានផ្តល់ឲ្យលោក នូវសេរីភាពពេញទី ដើម្បីធ្វើទំនើបកម្មគំរោងរៀបចំទីក្រុង។ រូបលោកជាមួយ បុគ្គលិក ១២នាក់ បានគ្រប់គ្រងអ្វីគ្រប់យ៉ាង រាប់តាំពីនគរូបនីយកម្ម ដល់ការរចនានិងថែរក្សាសួនច្បារសាធារណៈ ការគ្រប់គ្រងសំណល់ ភ្លើងបំភ្លឺតាមចញ្ចើមផ្លូវ ការផ្គត់ផ្គង់ថាមពល និងការអនុញ្ញាត ការសាងសង់។ រាជធានីដ៏ចំណាស់មួយ ដែលជាបេះដូងនៃជាតិ បានប្រែមុខមាត់ថ្មី ក្រោមការដឹកនាំ របស់លោក។
ស្ថាបត្យករខ្មែរដ៏ល្បីមួយរូបនេះ មានមនុស្សភាគច្រើន មិនសូវស្គាល់ លោក លូ បានហាប់ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម ជាបងប្អូនជីដូនមួយជាមួយ លោក វណ្ណ មូលីវណ្ណ៕