តើឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស អាចមានជោគវាសនា ដូចឧកញ៉ា ជា សារ៉ន ដែរឬទេ? ខណៈមិនហ៊ានចូលខ្លួនតាមការកោះ របស់មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពតនោះ?
ខេត្តកំពត ៖ នៅទីបំផុត អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស មិនហ៊ានចូលខ្លួនតាមលិខិតកោះហៅ របស់មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពតទេ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
មន្ត្រីនគរបាលខេត្តកំពត បញ្ជាក់ថា ដំណោះស្រាយនៅថ្ងៃចន្ទនេះ រវាងប្រជាពលរដ្ឋរងគ្រោះ ជាមួយក្រុមហ៊ុនពិភពដីមាស មិនទាន់មានការឯកភាពពីប្រជាពលរដ្ឋនោះទេ។ ហើយ ប្រជាពលរដ្ឋ រងគ្រោះរាប់រយគ្រួសារ ចង់ជួបជាមួយ លោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស ដោយផ្ទាល់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ។
ចំពោះករណីនេះ មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពត សង្ឃឹមថា លោកឧកញ៉ា ហ៊ី គឹមហុង នឹងអញ្ចើញមកជួបប្រជាពលរដ្ឋ ដោយមិនចាំបាច់មានលិខិតកោះហៅជាលើកទី២ ពីមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបញ្ជាក់អំពីទំនួលខុសត្រូវច្បាស់លាស់ របស់ក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋរងគ្រោះចំនួន ៤៨៤ គ្រួសារ ជាក់ជាមិនខានឡើយ។
នេះបើយោងតាម ការផ្សព្វផ្សាយ ក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។
ត្រង់ចំណុចនេះ មានមតិមួយចំនួន បានលើកឡើងថា អគ្គនាយកក្រុមហ៊ុនពិភពដីមាស ទំនងជាបារម្ភខ្លាចមាន ជោគវាសនា ដូច ឧកញ៉ា ជា សារ៉ន ហើយមើលទៅ ទើបលោកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស មិនហ៊ានចូលខ្លួន មកបំភ្លឺតាមលិខិតអញ្ជើញ របស់ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនានេះ ដោយត្រឹមបានចាត់តំណាងម្នាក់ មកជួបជាមួយ ប្រជាពលរដ្ឋរងគ្រោះ ហើយគ្មានសិទ្ធិសម្រេចអ្វីទាំងអស់។
ក្នុងការជួបជជែកគ្នានេះ តំណាងក្រុមហ៊ុន មិនអាចដោះស្រាយអ្វីបានទាំងអស់ ពោលគឺមកតែបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ ចំណែកប្រជាពលរដ្ឋរងគ្រោះ បានទាមទារអោយក្រុមហ៊ុនពិភពដីមាស ត្រូវប្រគល់ថវិកាសងមកពួកគាត់វិញ។
បេីតាមតួលេខបណ្ដឹង ដែលស្នងការខេត្តកំពត ទទួលបាន គឺមានរហូតដល់ជាង ៤៨៤បណ្ដឹង និងមានទឹកប្រាក់សរុបប្រមាណ ចន្លោះពី ៧លានដុល្លារ ទៅ ៨ លានដុល្លារអាមេរិក ឯណោះ។
ផ្តើមពីបញ្ហានេះ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាក់ថា រូបលោក នឹងធ្វេីលិខិតកោះហៅ លោកឧកញ៉ា ហ៊ី គឹមហុង មកបំភ្លឺជាលេីកទី២ ហើយក្នុងករណី ឧកញ៉ារូបនេះ មិនព្រមចូលខ្លួនមកបំភ្លឺតាមការអញ្ចើញទេ រូបលោកនឹងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ជាបន្តទៀត។
ទាក់ទិនបញ្ហានេះ សាធារណជន មានមន្ទឹលថា ហេតុអ្វីបានជា លោកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស មិនហ៊ានចូលខ្លួនមកជួប ប្រជាពលរដ្ឋ បើខ្លួន ពិតជាមិនរកសុីបោកប្រាស់ពលរដ្ឋ ទេ គឺខ្លាចអី ចូលខ្លួនមកជួបផ្ទាល់ ដើម្បីពិភាក្សារកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ។
ប៉ុន្តែបើបែរជា ធ្វើសកម្មភាពបោកប្រាស់ ដូចបណ្តឹង របស់ប្រជាពលរដ្ឋ ទាំង ៤៨៤បណ្តឹង ដូចលោកស្នងការ អះអាងមែននោះ គឺទំនងជា មិនអាចគេចផុត ឬអាចនឹងមានវាសនាដូច លោកឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជាសារ៉នគ្រុប យ៉ាងពិតប្រាកដជាក់ជាមុនខាន៕