អ្នកឧកញ៉ា ទៀ វិចិត្រ៖ ក្រុមហ៊ុន GTVC បន្តពង្រីកសេវាដឹកជញ្ជូនតាមសមុទ្រ ទៅកាន់វៀតណាមនិងថៃ តាមសំណូមពរ របស់ភ្ញៀវទេសចរ

ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C Speedboat Cambodia) កំពុងពង្រីកសេវា​ដឹកជញ្ជូនវិស័យទេសចរណ៍ របស់ខ្លួន ដើម្បីបំរើដល់តម្រូវការចាំបាច់ ក៏ដូចជាផ្តល់ នូវភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឬអតិថិជន ដែលតែងតែគាំទ្រ សេវាបំរើ​  របស់ក្រុមហ៊ុននេះ ទាំង​ពេលកន្លងមក និងបន្តទៅថ្ងៃអនាគត។

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន​ ជី.ធី.វី.ស៊ី មានប្រសាសន៍នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ​២០២៤​នេះថា បច្ចុប្បន្ន​ ក្រុមហ៊ុន ជី.ធី.វី.ស៊ី កំពុងពង្រីកសេវាកម្មដឹកជញ្ជូន របស់ខ្លួន ដោយបាន​ពង្រីកសេវាដឹកអ្នកដំណើរធ្វើដំណើរ ឆ្លងប្រទេស គឺចេញដំណើរពី កំពង់ផែក្រុងព្រះសីហនុ ឆ្លងកាត់ខេត្តកោះកុង ឆ្ពោះទៅកាន់ខេត្តត្រាត ប្រទេសថៃ ដោយប្រើប្រាស់អូប័រល្បឿន​លឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C Speedboat Cambodia)។

អ្នកឧកញ៉ា បន្តទៀតថា ចំពោះការងារពង្រីកសេវាកម្មដឹកជញ្ជូន ដើម្បីជួយសម្រួលដល់តម្រូវការ របស់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី លើគម្រោងថ្មីនេះ ប្រយោជន៍ដើម្បីជម្រុញដល់ការងារវិនិយោគ ផង និងពង្រីកវិស័យទេសចរណ៍ ​ជាមួយប្រទេសជិតខាង នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម និងថៃ ឳ្យមានភាពងាយស្រួល និងកាត់បន្ថយការចំណាយផ្សេងៗ។

អ្នកឧកញ៉ា ទៀ វិចិត្រ ដែលសាធារណជនឳ្យឈ្មោះថា ជាអ្នកឧកញ៉ា ចិត្តធម៌ផងនោះ បញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៤នេះ ជាជំហ៊ានដំបូង រូបលោក បានបញ្ជូនក្រុមការងារជំនាញ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី នៅតាមផ្នែកនីមួយៗ ​ដោយមានទាំងមន្ត្រីជំនាញមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ អមដំណើរជាមួយផងនោះ បានធ្វើដំណើរ​ឆ្ពោះទៅកាន់ ខេត្តត្រាត ប្រទេសថៃ ដើម្បីជួបប្រជុំពិភាក្សាគ្នា ជាមួយ អាជ្ញាធរខេត្តត្រាត​ ​លើការងារតភ្ជាប់គម្រោង​ដឹកជញ្ជូន តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម និងថៃ ធ្វើយ៉ាងណាជម្រុញ ​ឳ្យ​គម្រោងខាងលើនេះ លេចចេញជារូបរាង ឳ្យបានឆាប់ៗនេះ៕ ដែន សីមា

ព័ត៌មានដែលជាប់ទាក់ទង