ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រគល់ហូលពិតាន ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីឱ្យកូនខ្មែរស្គាល់
ប្រជាពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រគល់ហូលពិតាន ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមផ្សព្វផ្សាយឱ្យកូនខ្មែរបានស្គាល់..!
ខេត្តតាកែវ ៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានអំណោយហូលពិតានចំនួន ៣ផ្ទាំង ពីពលរដ្ឋ ជាអ្នកតម្បាញសូត្រ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។
ហូលពិតាននេះ មានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក ដែលស្នាដៃពោរពេញដោយសិល្បៈ និងជំនាញយ៉ាងប៉ិនប្រសប់។
ប្រជាពលរដ្ឋ ដែលបរិច្ចាគហូលពិតាន មានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាន នៅក្នុងសង្គមខ្មែរ ទៅកាន់សារធារណជន ព្រមទាំងបណ្ដុះផ្នត់គំនិតស្រឡាញ់ និងជួយថែរក្សាឱ្យបានយូរអង្វែង តទៅមុខទៀត។
លោកយាយ លឹម មាជ អាយុ ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ឱ្យដឹងថា គាត់ចេះជំនាញត្បាញហូលតាំងពី អាយុ២០ឆ្នាំ ហើយក៏អាចត្បាញហូលពិតានផង។
ថ្វីត្បិតតែសព្វថ្ងៃ គាត់មានវ័យជរាមិនអាចត្បាញបាន ក៏ប៉ុន្តែគាត់បរិច្ចាគហូលពិតានចំនួន ១ផ្ទាំងដែលជាស្នាដៃចុងក្រោយ សម្រាប់ជាទាន មកដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីអភិរក្ស និងតាំងបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកយាយ លឹម មាជ បង្ហាញទឹកចិត្តត្រេកអរជាខ្លាំង ក្នុងការធ្វើអំណោយហូលពិតានដល់ សារមន្ទីរ ដោយលោកយាយ ចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងជួយថែរក្សាកុំឱ្យបាត់បង់។
អ្នកស្រី គង់ សុភ័ក្រ មន្រ្តីអភិរក្សវាយនភណ្ឌ នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យដឹងថា ថ្មីៗនេះសារមន្ទីរទទួលបានសមុច្ច័យចំនួន៤៤ ពីប្រជាពលរដ្ឋ ២៧គ្រួសារ រស់នៅខេត្តតាកែវ។ ក្នុងចំណោមនោះ មានហូលពិតានចំនួន៣ ហើយហូលពិតាននេះ មានតួនាទីសំខាន់ដូចជា៖ រូបព្រះបត់ដែរ ដែលពួកគាត់ត្បាញសម្រាប់តាំងនៅទីសក្ការៈ ឬវត្តអារាម និងមានអ្នកជាវ ដើម្បីប្រគេនព្រះសង្ឃជាដើម។ ស្នាដៃសិល្បៈត្បាញហូលពិតាន របស់អ្នកខេត្តតាកែវ គឺមានជាច្រើនជំនាន់មកហើយ ដែលផ្ទេរជំនាញនេះបន្តគ្នារហូតមកដល់សព្វថ្ងៃ។
អ្នកស្រី គង់ សុភ័ក្រ ពន្យល់ថា បច្ចុប្បន្ននេះ កូនខ្មែរជំនាន់ក្រោយ មិនសូវស្គាល់ហូលពិតាននេះទេ គឺស្គាល់តែហូល ដែលគេត្បាញសម្រាប់កាត់ជាសម្លៀកបំពាក់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រៅពីតាំងបង្ហាញសម្លៀកបំពាក់សហសម័យ និងឧបករណ៍តម្បាញ់ មកពីបណ្តាប្រទេសចំនួន៥ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ ក៏មានការអភិរក្ស និងតាំងបង្ហាញជាអចិន្ត្រៃយ៍នូវហូលពិតានចំនួន ៦ផ្ទាំង មានក្បាច់គោមសាច់រឿងពុទ្ធប្រវត្តិ ក្បាច់គោមសត្វហង្ស និងក្បាច់គោមសត្វនាគជាដើម៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ហាប់ គឹមអាន