សហគមន៍អេកូទេសចរណ៍ ព្រែកកោងកាងក្រុងកោះរ៉ុង ទទួលពានស្ដង់ដារ សហគមន៍ទេសចរណ៍អាស៊ាន
ជាក់ស្តែង នៅថ្ងៃចន្ទ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសការាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោក ស្រេង ហៃសុខ ប្រធានសមាគម សហគមន៍ទេសចរណ៍ ក្រុងកោះរ៉ុង បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅទទួលពាន ស្ដង់ដារ សហគមន៍ទេសចរណ៍អាស៊ាន ដោយផ្ទាល់នៅឯទីក្រុង ចូហូបារូ ប្រទេសម៉ាឡេស៊ី។
នាពិធីនោះ លោក ស្រេង ហៃសុខ បញ្ជាក់ថា ការទទួលបានពានស្ដង់ដារ សហគមន៍ទេសចរណ៍ អាស៊ាននេះ គឺកើតឡើងតាមរយៈការប្រគួតប្រជែងដូចខាងក្រោម៖
១~ ប្រសិទ្ធភាព នៃការរៀបចំអភិបាលកិច្ចល្អ
២~ ច្បាប់ និងតម្លាភាព នៃការគ្រប់គ្រង
៣~ ភាពជាដៃគូរដ៏មានប្រសិទ្ធភាព
៤~ ភ្ញៀវមានអន្ដរកម្ម ក្នុងសហគមន៍មូលដ្ឋាន
៥~ ការបង្កបង្កើតចំណូលប្រកបដោយនិរន្ដភាព
៦~ គុណភាពនៃការផ្ដល់សេវា
៧~ ធនធានធម្មជាតិបរិស្ថានត្រូវបានលើកកម្ពស់
៨~ ខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងស្រុកត្រូវបានពង្រីក ហើយបានទំនាក់ទំនងគ្នាក្នុងសហគម
៩~ សេចក្ដីថ្លៃថ្នូរ របស់មនុស្សត្រូវបានរក្សា
១០~ ការធានាបាន នូវការផ្ដល់សេវាគ្រប់ជ្រុងជ្រោយ។
ទាក់ទិនបញ្ហានេះដែរ លោកសាស្រ្ដាចារ្យ បណ្ឌិត ចាន់ សំអាន អនុប្រធានសមាគម សណ្ឋាគារ និងភោជនីដ្ឋាន ខេត្តព្រះសីហនុ និងជាអនុប្រធានសមាគម អភិរក្សបរិស្ថានក្រុងកោះរ៉ុង ក៏បានឲ្យដឹងថា សហគមន៍អេកូទេសចរណ៍ ព្រែកកោងកាង ជាកន្លែងដ៏មានសក្ដានុពលបំផុត សម្រាប់ភ្ញៀវទេសចរ អន្ដរជាតិ ជាពិសេសសម្រាប់ភ្ញៀវជាតិ គ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ និងគ្រប់វិស័យ នៃទេសចរណ៍។ ព្រោះថា សហគមន៍អេកូទេសចរណ៍ ព្រែកកោងកាង គឺជាទីស្ថាន សម្រាប់កិច្ចការមនុស្សជាតិ ដូចជា៖
(១)- អភិរក្សជីវៈចម្រុះ
(២)- ជាថ្នាលបណ្ដុះផ្នត់គំនិត ស្ដីពីការអភិរក្ស និងកិច្ចការការពារបរិស្ថាន ដូចពាក្យស្លោកពោលថា “មនុស្ស ធម្មជាតិ បរិស្ថានល្អ ធម្មជាតិល្អ ទេសចរណ៍រីករាយ”
(៣)- សហគមន៍អេកូទេសចរណ៍កោងកាង ក្រុងកោះរ៉ុង គឺអាចធ្វើសកម្មភាពទេសចរណ៍ បានយ៉ាងច្រើន រួមមាន៖
– កន្លែងស្វែងរកភាពស្ងប់ស្ងាត់
– វិបស្សនាទេសចរណ៍
– មើលព្រៃព្រឹក្សា បក្សាបក្សី និងជីវៈចម្រុះ
– គយគន់ទេសភាព តាមដងព្រែកកោងកាង
– ជិះទូកកាយ៉ាក់ មើលផ្ទៃសមុទ្រ ដ៏ខៀវស្រង៉ាត់ និយាយជារួម៖ សហគមន៍អេកូទេសចរណ៍ ព្រែកកោងកាង គឺជាទីស្ថានទេសចរណ៍ឋានសួគ៌ក្រោមមេឃ ដែលត្រូវទៅកម្សាន្ដ ឲ្យបានម្ដងក្នុង មូយជីវិត។
ចំណែក លោក ឡេង ប៊ុនឡុង ជាស្ថាបនិកក្រុមប្រឹក្សាភិបាលម្នាក់ទៀត បានឲ្យដឹងថា សហគមន៍អេកូទេសចរណ៍ ព្រែកកោងកាង ក្រុងកោះរ៉ុង គឺមានទីតាំងនៅក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោកបន្តថា ក្រុងកោះរ៉ុង គឺមានភូមិសាស្រ្ដន៍នៅចន្លោះ កោះត្រល់ និង កោះឆាង ដូច្នេះសូមឲ្យបងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស មកទស្សនាកម្សាន្ដកោះ របស់យើងដែលពោពេញទៅដោយ សក្ដានុពលនៃឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លាឆ្លុះ មានពណ៌គ្រីស្ដាល់ ហើយមានព្រែកកោងកាង ពណ៌បៃតងស្រស់បំព្រងដូចសួគារល័យ។
លោក ឡេង ប៊ុនឡុង ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា សមិទិផលដែលទទួលបានថ្ងៃនេះ គែកើតចេញពីការសាមគ្គី របស់ប្រជាសហគមន៍ និងក្រោមការគាំទ្ររបស់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស លោកនាយករដ្ឋមន្រ្ដី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ព្រមទាំងម្ចាស់អាជីវកម្មទាំងអស់ នៃវិស័យទេសចរណ៍ ក្រុងកោះរ៉ុង..។
ព្រមជាមួយគ្នានេះ លោករំពឹងថា ក្រោមកិច្ចសហការណ៍ និងសាមគ្គីគ្នា រវាងអ្នកពាក់ព័ន្ធ “កោះរ៉ុង” នឹងទួលបានសមិទ្ធិផលទេសចរណ៍ថ្មីៗ បន្ថែមទៀតសម្រាប់ឆ្នាំ២០២៥ ក៏ដូចជាបណ្តាឆ្នាំខាងមុខៗទៀត៕ ដោយ ៖ សាស្ត្រាចារ្យបណ្ឌិត ចាន់ សំអាន