កម្ពុជា មានសត្វក្រពើភ្នំច្រើនជាងគេ លើពិភពលោកប្រមាណជាង៣០០ក្បាល
ខេត្តពោធិ៍សាត់ ៖ ក្រសួងបរិស្ថាន បានបង្ហោះសារនៅក្នុងផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងថា ក្រពើភ្នំចំនួន ១៤៦ក្បាល ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិ ដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំ នៅក្នុងធម្មជាតិឡើងវិញ។
ក្រសួងបរិស្ថានបញ្ជាក់ថា កម្ពុជា ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងគេ នៅលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោក មានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។ ក្រសួងបន្តថា កិច្ចការអភិរក្សកន្លងទៅ បានផ្តល់ផលជាទីមោទនៈ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកអភិរក្ស ក្នុងការបង្កើនចំនួនសត្វក្រពើភ្នំ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
អស់រយៈពេលជាង ២០ ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជា បាននឹងកំពុងអនុវត្តយ៉ាងសកម្មភាព នៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា។ ដោយមានការសហការបច្ចេកទេស រវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ក្រពើភ្នំ ដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយ របស់កម្ពុជា ត្រូវបាន ការពារនិងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំ ដើម្បីលែងទៅក្នុងធម្មជាតិ។
ទីតាំង ៥ ដែលកំពុងអនុវត្តការអភិរក្ស យ៉ាងសកម្មរួមមាន៖ អូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអារ៉ែង ឆាយរាប ស្ទឹងខៀវ និងតំបន់ស្តារក្រពើឡើងវិញ នៅឃុំតាទៃលើ ស្ថិតក្នុងខេត្តកោះកុង និងកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធ ដើម្បីលែងទៅក្នុងធម្មជាតិ (Re-introduction program) ស្ថិតនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ។
ឥឡូវនេះ គម្រោងអភិរក្សក្រពើភ្នំគំរូនេះ ដែលបានភ្ជាប់ការអង្កេតតាមដាន និងការល្បាតដោយសហគមន៍មូលដ្ឋាន ជាមួយនឹងបច្ចេកវិទ្យាអភិរក្សចុងក្រោយ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។
ក្នុងរយៈពេលកន្លងមកនេះ គម្រោងអភិរក្សក្រពើកម្ពុជា បានលែងក្រពើភ្នំពូជសុទ្ធ នៅលើតំបន់មួយចំនួនបានចំនួន ១៤៦ ក្បាល មានដូចជា៖
(១)- ស្ទឹងខៀវ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ២៧ ក្បាល
(២)- ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រែអំបិល ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ៤៩ ក្បាល
(៣)- ស្ទឹងដាច់ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង (លែងកូនក្រពើព្រៃ) ០៩ ក្បាល
(៤)- អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង (លែងកូនក្រពើព្រៃ) ២០ ក្បាល
(៥)- អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (លែងកូនក្រពើព្រៃ) ០៦ ក្បាល
(៦)- ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង ខែកុម្ភៈ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ២៥ ក្បាល។
(៧)- ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ១០ ក្បាល៕ ប្រភពនិងរូបភាព FFI