រថយន្តបុកបន្តកន្ទុយគ្នាជិត១០គ្រឿង នៅក្បែរចំណោតយាយម៉ៅពេជ្រនិល មានមនុស្សស្លាប់និងរបួស..
ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង ដោយមានរថយន្តបុកបន្តពីក្រោយគ្នាប្រមាណ ០៩គ្រឿង នៅក្បែរចំណោត យាយម៉ៅពេជ្រនិល ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១០៣-១០៤។
ផេកផ្លូវការ របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នា ចំនួន ០៩គ្រឿងនេះ គឺក្នុងដំណើរ ឬទិសដៅស្របគ្នា។ ហើយគ្រោះថ្នាក់នេះ កើតឡើងនៅម៉ោង ១៤ និង២០នាទី រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពផ្តល់ព័ត៌មានបឋមថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សស្រីម្នាក់ស្លាប់ នៅកន្លែងកើតហេតុ។ របួសធ្ងន់ បុរស ០២នាក់ និងខូចរថយន្ត ៩គ្រឿង។
គ្រោះថ្នាក់នេះ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកម្លាំងសង្រ្គោះ បានចុះសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកកស្ទះ និងជួយសង្រ្គោះមនុស្ស៕