អ្នកជំនាញការ អាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទ មុនកិច្ចប្រជុំផ្លូវការចូលមកដល់
ខេត្តសៀមរាប ៖ មន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃទីមួយ នៃដំណើរទស្សនកិច្ច របស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទ ក្នុងតំបន់ រមណីយដ្ឋានអង្គរ។ ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ ដែលដាក់ដោយ គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។
ការងារនេះ ក្រុមអ្នកជំនាញការអន្ដរជាតិ ដែលមានគ្នាសរុប៦នាក់ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅប្រាសាទ គោកពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទ ព្រះពិធូរ។
នៅថ្ងៃដដែល ក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ បានចុះទៅមើល ការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។
សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេល ប្រមាណ មួយសប្ដាហ៍ ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើន ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំ របស់គណៈកម្មាធិការ អន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន