អាណាព្យាបាល បន្តព្រួយបារម្ភអំពីបញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋានខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បទល្មើសគ្រឿងញៀន​ ដែលកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ នៅតែជាបញ្ហាព្រួយបារម្ភ របស់ប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាល រស់នៅខេត្តព្រះសីហនុ។
អាណាព្យាបាល រស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា បទល្មើសគ្រឿងញៀននេះ ហាក់មិនឃើញមានសញ្ញាថយចុះទេ ខណៈសង្គេតឃើញថា ស្ទើជារៀងរាល់ថ្ងៃ កម្លកាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏ដូចជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ នៅតាមអធិការក្រុងស្រុកនានា ក្នុងមូលដ្ឋាននេះ តែងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន បានជាបន្តបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស។
ជាក់ស្តែង កាលពីថ្ងៃ​ទី៦ ខែ មិថុនា ឆ្នាំ​២០២៣ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន បន្ដបន្ទាប់គ្នា ដោយបានឃាត់ខ្លួនជនសង្ស័យ​ចំនួន ០៤នាក់ ក្នុងនោះ ជនជាតិចិនចំនួន ៣នាក់ និងជនជាតិខ្មែរ ១នាក់​ ព្រមទាំងបានដកហូតវត្ថុតាងមានមួយចំនួនផង។
ជនសង្ស័យទាំង ៤នាក់ មានឈ្មោះ ៖
១- ឈ្មោះ YANG FAMENG ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ
២- ឈ្មោះ WU GUIZHE ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ
៣- ឈ្មោះ SHEN GUANG FENG ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ
៤- ឈ្មោះ ដួង រដ្ឋា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ចំពោះវត្ថុតាងសារធាតុញៀន ដែលសមត្ថកិច្ចដកហូតបានរួមមា​ន៖
១. សារធាតុញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់ ២០៨,៩៥ក្រាម (ទម្ងន់សុទ្ធ)
២. សារធាតុញៀនប្រភេទកេតាមីន (K) ទម្ងន់ ៩៨,១៣ ក្រាម (ទម្ងន់សុទ្ធ)
៣. សារធាតុញៀនប្រភេទអុិចស្តាសុី (MDMA) ទម្ងន់ ២០,២០ ក្រាម (ទម្ងន់សុទ្ធ)
៤. សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ៩,១៦ក្រាម (ទម្ងន់សុទ្ធ)
៥. កញ្ឆាក្រៀម ទម្ងន់ ០,៨២ ក្រាម (ទម្ងន់សុទ្ធ)
ចំពោះសម្ភារ:ដទៃទៀត ដែលដកហូតបានមានដូចជា៖
១. រថយន្ត LEXUS ពណ៌ស ស្លាកលេខ ភ្នំពេញ 2BI-2755 ចំនួន ០១គ្រឿង
២. ទូរស័ព្ទដៃចំនួន ៨ គ្រឿង
៣. កាតរឹង និងកាតធនាគារ (មួយចំនួន)
៤. ម៉ូតូចំនួន ០១គ្រឿង
៥. ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង
៦. លិខិតឆ្លងដែនចំនួន ០១ ក្បាល
៧. សម្ភារ:ប្រើប្រាស់គ្រឿងញៀន និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
ក្រោយសាកសួររួច ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់៕
ព័ត៌មានដែលជាប់ទាក់ទង