ពលរដ្ឋចិញ្ចឹមត្រីឆ្ពង់១០គ្រួសារ រស់នៅស្រុកព្រៃនប់ ចោទក្រុមហ៊ុនគូបុ៑ន បង្ហូរទឹកមានជាតិពុល បណ្តាលឲ្យងាប់ត្រីចិញ្ចឹមគាត់ ខាតប្រាក់រាប់ម៉ឺនដុល្លារ
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋដែលមានមុខរបរចិញ្ចឹមត្រីឆ្ពង់ចំនួន ១០គ្រួសារ រស់នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរួមគ្នាពាក្យបណ្ដឹងទៅកាន់ សាលាស្រុកព្រៃនប់ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពី លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ ឲ្យជួយអន្តរាគមន៍ទៅក្រុមហ៊ុន Kubon cambodia biotechnology ( គូបុ៑ន ខេមបូឌា បាយតិចនូឡូជី ) ដែលបានបង្ហូរកាកសំណល់ជាតិពុល ចេញពីរោងចក្រស្បែកគោ របស់ខ្លួនហូរចូលទៅក្នុងដៃព្រែកកំពង់ស្មាច់ ជាទីកន្លែងដែលពួកគាត់ ចិញ្ចឹមត្រីឆ្ពង់ បណ្តាលឲ្យត្រីឆ្ពង់ងាប់ពាសពេញស្រះ ខាតបង់ប្រាក់រាប់ម៉ឺនដុល្លារអាមេរិក។
ពាក្យបណ្តឹងនេះ ក្រុមប្រជាពលរដ្ឋបានដាក់ជូនរដ្ឋបាលស្រុកព្រៃនប់ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។
មុនពេលដាក់ពាក្យប្ដឹងពលរដ្ឋចិញ្ចឹមត្រីទាំងនោះ បានប្រមូលផ្ដុំគ្នានៅមុខសាលាស្រុកព្រៃនប់ ដើម្បីផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន និងស្នើឲ្យជួយផ្សព្វផ្សាយ បានដឹងឮដល់ ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រមុខដឹកនាំបានជ្រាបជាដំណឹង ដើម្បីជួយអន្តរាគមន៍។
ខ្លឹមសារពាក្យបណ្ដឹង បានសរសេរថា យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន១០ គ្រួសារ បានចិញ្ចឹមត្រីឆ្ពង់ នៅចំណុចព្រែកកំពង់ស្មាច់ រយៈពេល៨ឆ្នាំកន្លងមកហើយ ៗ ការចិញ្ចឹមត្រីនេះ គឺមាន២ទីតាំង គឺនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ និងនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ខ្លឹមសារនៃពាក្យបណ្តឹងដាក់ជូន លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ របស់ប្រជាពលរដ្ឋទាំង ១០គ្រួសារគឺ៖ សុំប្ដឹង ក្រុមហ៊ុន Kubon cambodia biotechnology ( គូបុ៑ន ខេមបូឌា បាយអូតិចនូឡូជី ) មានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានបង្ហូរកាកសំណល់ជាតិពុល ពីរោងចក្រស្បែកគោ ធ្វើឲ្យពុលត្រីឆ្ពុង់ពួកយើងខ្ញុំងាប់អស់ទាំងស្រុង គ្មានសេសសល់កាលពី ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ ហើយមកដល់ពេលនេះ ពុំមានការដោះស្រាយជាសំណង ជូនដល់កសិករចិញ្ចឹមត្រីឆ្ពង់យើងខ្ញុំនៅឡើយ។
កសិករចិញ្ចឹមត្រីឆ្ពង់យើងខ្ញុំ ខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារក្រុមហ៊ុនខាងលើនេះ បានបង្ហូរកាកសំណល់ជាតិពុល ធ្វើឲ្យងាប់ត្រីកសិករដែលមានរាយនាមខាងក្រោម៖
១- លោកស្រី យុទ្ធ សុធា ងាប់ត្រីឆ្ពង់ធំចំនួន១២០០០ក្បាល គិតជាទឹកប្រាក់ចំនួន ៤៨០០០ដុល្លារ (បួនម៉ឺនប្រាំបីពាន់ដុល្លាសហរដ្ឋអាមេរិក)។
២- លោក អ៊ុន ណាត ងាប់ត្រីឆ្ពង់ធំចំនួន ៧៩០០ក្បាល គិតជាទឹកប្រាក់ចំនួន ៣១៦០០ដុល្លារ (បីម៉ឺនមួយពាន់ប្រាំមួយរយដុល្លារសហរដ្ឋអាមេរិក)។
៣- លោក ហេង អ៊ូ ងាប់ត្រីឆ្ពង់ធំចំនួន ៣០០០ក្បាល គិតជាទឹកប្រាក់ចំនួន ១២០០០ដុល្លារ (មួយម៉ឺនពីរពាន់ដុល្លាសហរដ្ឋអាមេរិក)។
៤- លោក យ៉ែម ឡាយ ងាប់ត្រីឆ្ពង់ធំចំនួន ៥០០ក្បាល និងតូចចំនួន ៣៥០០ក្បាល សរុបទឹកប្រាក់ចំនួន ៥៧០០ដុល្លារ (ប្រាំពាន់ប្រាំពីររយហាសិបដុល្លាសហរដ្ឋអាមេរិក)។
៥- លោក កាវ នៅ ងាប់ត្រីឆ្ពង់តូចចំនួន ២០០០ក្បាល សរុបទឹកប្រាក់ ២០០០ដុល្លារ (ពីរពាន់ដុល្លាសហរដ្ឋអាមេរិក)។
៦- លោក គុយ គាន់ ងាប់ត្រីឆ្ពង់តូចចំនួន ២៨០០ក្បាល សរុបទឹកប្រាក់ ២៨០០ដុល្លារ (ពីរពាន់ប្រាំបីរយដុល្លាសហរដ្ឋអាមេរិក)។
៧- លោក ចន ភាព ងាប់ត្រីឆ្ពង់តូចចំនួន ៦០០ក្បាល សរុបទឹកប្រាក់ ៦០០ដុល្លារ (ប្រាំមួយរយដុល្លាសហរដ្ឋអាមេរិក)។
៨- លោក ចន ប៉ុយ ងាប់ត្រីឆ្ពុងតូចចំនួន ៥០០ក្បាល សរុបទឹកប្រាក់ចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារសហរដ្ឋអាមេរិក)។
៩- លោក ផៃ សំណាង ងាប់ត្រីឆ្ពុងតូចចំនួន ៨០០០ក្បាល សរុបទឹកប្រាក់ចំនួន ៨០០០ដុល្លារ (ប្រាំបីពាន់ដុល្លារសហរដ្ឋអាមេរិក)។
១០- លោក ផៃ វិចិត្រ ងាប់ត្រីឆ្ពង់តូចចំនួន ៧០០០ក្បាល សរុបទឹកប្រាក់ចំនួន ៧០០០ដុល្លារ (ប្រាំពីរពាន់ដុល្លាសហរដ្ឋអាមេរិក)។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ បានជម្រាបជូនលោកអភិបាលស្រុកព្រៃនប់ថា កសិករចិញ្ចឹមត្រីយើងខ្ញុំ បានចិញ្ចឹមត្រីនៅចំណុចនេះ ដោយខ្ចីបុលពីមីក្រូហិរញ្ញវត្ថុគ្រប់ៗគ្នា ដើម្បីមកប្រកបអាជីវកម្មនៅទីនេះ។
ន័យដូចបានជម្រាបជូនខាងលើនេះ នាងខ្ញុំ-ខ្ញុំបាទ ដែលជាប្រជាពលរដ្ឋកសិករចិញ្ចឹមត្រីឆ្គង់ដូចបាន ជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ មេត្តាជួយដោះស្រាយដល់កសិករយើងខ្ញុំ សូមឲ្យក្រុមហ៊ុនចេញមុខទទួលខុសត្រូវសងសំណងជាដាច់ខាត មកដល់កសិករយើងខ្ញុំដោយក្តីអនុគ្រោះផង។
ជុំវិញបញ្ហាខាងលើនេះ លោកអ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានប្រាប់អ្នកសារព័ត៌មានដឹងថា ចំពោះពាក្យបណ្ដឹង ដែលពលរដ្ឋប្ដឹងមកអាជ្ញាធរស្រុក គឺបានទទួលហើយ ប៉ុន្តែពាក់ព័ន្ធនឹងបច្ចេកទេសរឿងពុលបរិស្ថាន គឺមានមន្ទីរបរិស្ថាន និងកសិកម្មដូចនេះ ប្រសិនបើមន្ទីរបរិស្ថាន រកឃើញកំហុស របស់ក្រុមហ៊ុន ខាងមន្ទីរបរិស្ថាន នឹងមានវិធានការពិន័យតាមច្បាប់។
លោកបន្ថែមថា កន្លងមករោងចក្រខាងលើនេះ ខាងមន្ទីរបរិស្ថា នធ្លាប់បានចុះទៅពិន័យម្ដងរួចហើយដែរ។
ទាក់ទិនបញ្ហានេះ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បញ្ជាក់ថា ពេលពាក្យបណ្ដឹងទៅដល់ដៃអាជ្ញាធរ លោកនឹងសហការជាមួយចុះទៅពិនិត្យទីតាំងខាងលើនេះ។
ចំណែកភាគីខាងក្រុមហ៊ុន Kubon cambodia biotechnology ( គូបុ៑ន ខេមបូឌា បាយអូតិចនូឡូជី ) ដែលជារោងចក្រផលិតស្បែកគោ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ភាគីខាងក្រុមហ៊ុន បានដឹងហើយដែរ។
លោកបន្ថែមថា ក្រោយកើតហេតុ ខាងមន្ទីរពាក់ព័ន្ធ ក៏បានចុះមកពិនិត្យម្ដងរួមកហើយ។ ដូចនេះ លោកក៏កំពុងរង់ចាំការធ្វើពិសោធន៍ របស់អាជ្ញាធរថាតើរឿងងាប់ត្រី របស់ប្រជាពលរដ្ឋខាងលើនេះ មានការជាប់ពាក់ព័ន្ធហ្នឹងក្រុមហ៊ុនលោកដែរឬយ៉ាងណា?៕

