សត្វព្រៃ៣៤ប្រភេទ ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងខេត្តរតនគិរី
ខេត្តរតនគិរី ៖ សត្វព្រៃចំនួន ៣៤ ប្រភេទត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២៧គ្រឿង ដែលបានដាក់ពង្រាយក្នុងតំបន់របៀងអភិរក្សជីវចម្រុះកាលខែមីនាកន្លងទៅ ក្នុងខេត្តរតនគិរី។
មន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា ក្រោមកិច្ចសហការ យ៉ាងជិតស្និត រវាងក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) ការសិក្សាស្រាវជ្រាវជីវៈចម្រុះរហ័ស ក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះជាប់នឹងឧទ្យានជាតិវីរ:ជ័យ ក្នុងខេត្តរតនគិរីត្រូវបានធ្វើឡើង។
ប្រភេទសត្វព្រៃជាច្រើនប្រភេទ ត្រូវបានថតបាន តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។
កាលខែមីនា ឆ្នាំ ២០២៣ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២៧គ្រឿង ត្រូវបានដាក់ពង្រាយ ក្នុងតំបន់របៀងអភិរក្សជីវចម្រុះ ដោយក្រុមមន្ត្រីជំនាញមកពីអង្គការសត្វព្រៃ និងរុក្ខជាតិ និងក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងសហគមន៍មូលដ្ឋាន ដោយទុកថតនៅក្នុងព្រៃ អស់រយៈពេល ០២ ខែ។
សត្វព្រៃចំនួន ៣៤ប្រភេទ ត្រូវបានថតបាន ដែលក្នុងនោះ មាន ០៨ប្រភេទ ត្រូវបានកំណត់ជាប្រភេទរងការគំរាមកំហែង ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ( មាន០៥ប្រភេទជាប្រភេទងាយរងគ្រោះ ០២ប្រភេទជាប្រភេទកំពុងជិតផុតពូជ និងចំនួន០១ ប្រភេទជិតផុតពូជបំផុត) ហើយមាន០២ប្រភេទទៀតជាប្រភេទជិតរងការគំរាមកំហែងផងដែរ។
របកគំហើញសំខាន់ៗទាំងនេះ រួមមានការថតជាប់រូបភាពសត្វខ្លាឃ្មុំធំ សត្វកែះ សត្វក្ងោក សត្វស្វាកន្ទុយស ហើយក៏ថតជាប់សត្វខ្លាភ្ញីថ្មកែវមួយក្បាលដែលឃើញមានកូនផងដែរ។
លទ្ធផលដ៏គួរឱ្យរំភើបទាំងនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីជួយជាព័ត៌មានដល់ការពិភាក្សា ជុំវិញការកំណត់ និងចែងចែកតំបន់គ្រប់គ្រងនៃឧទ្យានជាតិវីរៈជ័យ និងរបៀងអភិរក្សជីវចម្រុះ ក្នុងខែមិថុនាខាងមុខនេះ ដើម្បីធានាថា សត្វព្រៃសំខាន់ៗទាំងនេះត្រូវបានការពារ៕ ប្រភព ៖ក្រសួងបរិស្ថាន