ទូកនេសាទរាប់រយគ្រឿង ប្រើឧបករណ៍ស្បៃមុង អូសកូនគ្រែងឈាម នៅស្រុកបូទុមសាគរ គ្មានជំនាញចុះបង្ក្រាប
ខេត្តកោះកុង ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ស្រុកបូទុមសាគរ ខេត្តកោះកុង បានឲ្យដឹងថា រាល់ថ្ងៃនេះ យ៉ាងហោចមានទូកនេសាទ រាប់រយគ្រឿង បានប្រើឧបករណ៍នេសាទល្មើសច្បាប់ ដូចជាប្រើប្រាស់ស្បៃមុង ដើម្បីអូសកូនគ្រែងឈាម ទាំងយប់ថ្ងៃ ដោយមិនឃើញមានមន្ត្រី ឬសមត្ថកិច្ចពីស្ថាប័នជំនាញ ពាក់ព័ន្ធផ្នែកណាមួយ ចុះមកទប់ស្កាត់ ឬបង្ក្រាបនោះទេ។
ករណីនេះ ប្រជាពលរដ្ឋ បានចោទ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ថាជាអ្នកបើកដៃ ឲ្យឈ្មួញបើកធ្វើនេសាទ ដោយប្រើស្បៃមុងល្មើសច្បាប់ទាំងនេះ ជាថ្នូរ ទទួលបានលុយពីទូកនេសាទទាំងនោះ ចន្លោះពី ៥ម៉ឺន ទៅ ៨ម៉ឺន ឬឈានដល់ ១៥ម៉ឺនរៀល ក្នុងទូកនេសាទ ១គ្រឿងៗ។
ទោះជាបែបនេះក្តី សារព័ត៌មានយើង នៅមិនទាន់អាចទាក់ទង លោក អី ម៉េង លាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត កោះកុង និងលោក ព្រំ សុវណ្ណា នាយផ្នែករដ្ឋបាលជលផល បូទុមសាគរ ដើម្បីបំភ្លឺជុំវិញករណីខាងលើបានទេ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រភពបន្តទៀតថា ចំពោះទីតាំង ដែលមានទូកនេសាទប្រើស្បៃមុងអូសកូនគ្រែងឈាម យ៉ាងអនាធិបតេយ្យបំផុតនោះ គឺនៅជាប់មាត់ពាមព្រែកអណ្តូងទឹក ត្រង់ចំណុចព្រែកខ្មៅ ឬតំបន់សហគមន៍ទឹករាក់។ ហើយ ទីតាំងនោះ មានព្រំប្រទល់ បីមុំ គឺតំបន់សហគមន៍ កណ្ដោល – តំបន់សហគមន៍ អន ឆ្អើត និង តំបន់សហគមន៍ តាមាឃ។
សហគមន៍ កណ្ដោល និងសហគមន៍ តាមាឃ មានទីតាំងស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ រីឯ សហគមន៍ អនឆ្អើត ស្ថិតក្នុងស្រុកស្រែអំបិល ។
ប្រភពបញ្ជាក់ថា ការនេសាទកូនគ្រែងឈាមនេះ គឺលក់បានក្នុងតម្លៃ ១គីឡូក្រាម ១០ម៉ឺនរៀល ឬឈ្មួញអាចម៉ៅទៅតាមបាវតូច ឬបាវធំ មានតម្លៃចាប់ពី ២០ម៉ឺន ទៅ ៣០ម៉ឺនរៀល។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋរស់នៅស្រុកបូទុមសាគរ បានស្នើដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជាពិសេស លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះពិនិត្យទៅលើបទល្មើសនេសាទ កូនគ្រែងឈាម ដែលកំពុងធ្វើសកម្មភាព នៅមូលដ្ឋានស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ឲ្យបានទាន់ពេល ដើម្បីការពារធនធានមច្ឆាសមុទ្រ ឲ្យបានគង់វង់ ដ្បិតបទល្មើសនេះ មានទូកនសេសាទរាប់រយគ្រឿង បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ៕