នគរបាលខេត្តព្រះសីហនុ បញ្ជូនសង្ស័យ​៣នាក់ ទៅតុលាការ ករណីប្រើល្បិចចោទ​ស្ត្រី​ចិនម្នាក់ ថាជាអ្នកប្រើប្រាស់គ្រឿង ព្រោះតែរឿងគំនុំ

ខេត្តព្រះសីហនុ ៖​​ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំបែកសំណុំរឿង ក្រុមជនសង្ស័យចំនួន ៣នាក់ ប្រើល្បិចចោទប្រកាន់ស្ត្រីជនជាតិចិនម្នាក់ ថាជាអ្នកប្រើប្រាស់គ្រឿង ដោយសារតែរឿងគំនុំ ក្នុងគោលបំណងឲ្យសមត្ថកិច្ចចាប់ស្ត្រីនោះដាក់គុក។
តាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់អំពីសាវតារឿង ដូចនេះថា ៖
នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ដោយបានទទួលពត៌មាន ពីអ្នកបកប្រែភាសាចិនម្នាក់ ថាមានស្រ្តីជនជាតិចិនម្នាក់ ប្រើប្រាស់គ្រឿងញៀន និង មានគ្រឿងញៀននៅក្នុងបន្ទប់។
ក្រោយពីទទួលពត៌មាននេះភ្លាម លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាកម្លាំងនគរបាលជំនាញ ចុះទៅដល់ទីតាំងនោះភ្លាម​ គឺ ស្ថិតនៅអគារព្រីន​ បន្ទប់​លេខ​1113 ក្រុមទី០៦​ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ និង ឆែកឆេររកឃើញគ្រឿងញៀនចំនួន ០២កញ្ចប់។
សមត្ថកិច្ច បានឃាត់និងនាំខ្លួនជនសង្ស័យ ឈ្មោះ Lu Xiaoxin ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ១៩៩០ មកធ្វើការសាកសួរ រួចស្រ្តីរូបនេះ បាននិយាយថា ខ្លួនមិនចេះប្រើប្រាស់គ្រឿងញៀន និង មិនដែលរក្សាទុកគ្រឿងញៀនទេ ។ បន្ទាប់មក សមត្ថកិច្ច​ ក៏បានធ្វើតេស្តទឹកនោមស្រ្តីនោះ ទាំងម៉ាទឹកកក (ice) និង កេតាមីន (K) ជាលទ្ធផល (អវិជ្ជមាន) ឃើញថាស្រ្តីនោះមិនបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។
ក្រោយមក សមត្ថកិច្ច​ ក៏បានធ្វេីការស្រាវជ្រាវ​ និងឃាត់ខ្លួន​ ជនសង្ស័យ​សរុបចំនួ​ន​ ០៣នាក់​ គឺ ៖
១- ឈ្មោះ​ Tang Zhang Wei​ ហៅ​ កឺកឺ​ (មិនមានលិខិតឆ្លងដែនជាប់ខ្លួន)
២- ឈ្មោះ​ Gao Ya Hong (មិនមានលិខិតឆ្លងដែនជាប់ខ្លួន)
៣- អេង​ ភក្រ្តា័​ ហៅ ត្រា (អ្នកបកប្រែភាសាចិន)​ មកអធិការដ្ឋាន​ ដេីម្បីធ្វើការសាកសួរ​។
តាមការសួរចម្លើយ និងការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ផ្ទាល់ ជាលទ្ឋផល ទទួលចម្លើយ​ដូចខាងក្រោ​ ៖
១ – ឈ្មោះ Tang Zhang Wei ភេទ ប្រុស អាយុ  ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ បេីកកាស៊ីណូ​ ជីងម៉ា​ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានសារភាពប្រាប់ សមត្ថកិច្ចថា ខ្លួនបានចូលមករស់នៅក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែ០៦ ឆ្នាំ២០២២ តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ពោធិ៍ចិនតុង ភ្នំពេញ រួចជិះរថយន្តពី ភ្នំពេញមកកាស៊ីណូ ជីងម៉ា មុខផ្សារចិន ដើម្បីរកស៊ី ព្រោះខ្លួនមានភាគហ៊ុន នៅក្នុងកាស៊ីណូ ជីងម៉ា ដែរ។ ហើយក្នុងភាគហ៊ុននោះ មានទាំងអស់ ០៥ ភាគហ៊ុន មាន៖ ឈ្មោះ Mao Ge, Fei Ge ហៅ Ta Ge និង០២ហ៊ុនទៀត មិនស្គាល់ឈ្មោះ ទេ។
ក្រោយមកកាលពីចុងខែ ០៥ ឆ្នាំ២០២៣ ខ្លួនបានស្គាល់គ្នាជាមួយមនុស្ស ស្រី ០១នាក់ ឈ្មោះ ធាន ធាន ជនជាតិ ចិន ពេលដែលទៅលេងនៅកាស៊ីណូ និងក្លឹបអូស្ការ សង្កាត់លេខ៤ ហើយក៏ចេះតែលេង តេលេក្រាម ជាមួយឈ្មោះ ធាន ធាន ហើយត្រូវប្រពន្ធរបស់ខ្លួន ឈ្មោះ Gao Xia តាមទាន់ ប្រពន្ធខ្ញុំ ក៏បានឆាតទៅស្តីបន្ទោស ឈ្មោះ ធាន ធាន ទើបមានរឿងឈ្លោះគ្នា តាមប្រពន្ធ័ទូរសព្ទ័បន្ទាប់មក ឈ្មោះ ធាន ធាន ចេះតែឆាតមកជេរប្រពន្ធ របស់ខ្លួនជាច្រើនលើកច្រើនសារ។ ពេលនោះខ្លួន ក៏បានឆាតទៅប្រាប់ឈ្មោះ ធាន ធាន វិញថា ឈប់ឆាតមកជេរប្រពន្ធខ្លួនទៀត ស្រាប់តែ ឈ្មោះ ធានធាន ប្រាប់មកវិញថា បើមិនចង់អោយគាត់ឆាតមកជេរប្រពន្ធខ្លួនទៀ​ត​ ត្រូវ​ផ្ញើ​លុយអោយនាងចំនួន 50,000យាន់ ពេលឮនាងប្រាប់ដូចនេះ បណ្តាលអោយខ្លួនខឹងជាខ្លាំងជាមួយ និងឈ្មោះ ធាន ធាន ទើបខ្លួនរៀបចំគំរោងការ ដេីម្បីធ្វើបាបនាង​ គឺធ្វើយ៉ាងម៉េចអោយ សមត្ថកិច្ចចាប់ឈ្មោះ  ធាន ធាន ដាក់គុក ហើយរឿងនេះខ្លួន ក៏បានប្រាប់ទៅ តៃកុងឡាន ឈ្មោះ A Hao ផងដែរ ។
បន្ទាប់មកនៅថ្ងៃទី០៥​ ខែ០៦ ឆ្នាំ២០២៣ ខ្លួនបានទំនាក់ទំនងជាមួយ ឈ្មោះ A Ta ភេទ ប្រុស ជនជាតិ ខ្មែរ ជាអ្នកជួលរថយន្ត ហើយស្គាល់គ្នាតាមរយៈមិត្តភក្តិ តៗគ្នា ដេីម្បីមកជួប នៅខារ៉ាអូខេ​ ឆាងឆឹង​ ជាន់ទី១៥​ ​ដេីម្បីរៀបចំ​គំរោងធ្វើបាប ឈ្មោះ ធាន ធាន ហេីយខ្លួនបានប្រាប់ថា នឹងប្រគល់ប្រាក់ចំនួន 20,000$ (ពីរម៉ឺនដុល្លារ អាមេរិក) ពេលធ្វើការបានសំរេច ហើយខ្លួន ក៏បាន​ផ្ញើលេខបន្ទប់ របស់ឈ្មោះ ធាន ធាន នៅសណ្ឋាគារ Prince (ផ្សារព្រីន) អោយទៅឈ្មោះ A Ta ។ នៅថ្ងៃដដែល​ វេលាម៉ោង ១០ និង០០នាទីថ្ងៃ​ ខ្លួន បានអោយប្រាក់ទៅ ឈ្មោះ​ ហាវ​ ចំនួន​ 3,500$ ដេីម្បីយកទៅធ្វេីការ​ ជាមួយ​ ឈ្មោះ​ A Ta ហេីយក៏បែកគ្នាទៅ​ រហូតដល់វេលាម៉ោងប្រហែល​ ១២:០០​ នាទី​ ថ្ងៃត្រង់​ ឈ្មោះ​ A Ta ហៅ​ ត្រា​ ឆាតមកប្រាប់តាម តេលេក្រាម ថា គំរោងនោះធ្វើបានសំរេចហើយៗ សមត្ថកិច្ច បានចាប់ខ្លួន ឈ្មោះ​ ធាន ធាន ទៅកន្លែងសមត្ថកិច្ចហើយ។ បន្ទាប់មកខ្លួន បានប្រាប់ទៅមិត្តភក្តិឈ្មោះ Xiao Jin ផ្ញើលុយចំនួន 7,000$ (ប្រាំពីរពាន់ ដុល្លារ អាមេរិក) តាមហ៊ួយហ័ង បន្ទាប់មកដល់វេលាម៉ោងប្រហែល ១៩ និង០០នាទីយប់ ឈ្មោះ A Ta បានណាត់គ្នាហូបស៊ុប នៅ ហ្គាវឡាវជីវ មុខកាស៊ីណូ ប៉ឡាយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ តែម្តង។
២ -ឈ្មោះ អេង ភក្រ្ត័ា​ ហៅ​ ត្រា​ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា ៖ ខ្លួនបានមករស់នៅក្រុង-ខេត្តព្រះសីហនុ ប្រហែល ០៦ឆ្នាំ ទៅ ០៧ឆ្នាំមកហើយ ក្រោយមកក្នុងឆ្នាំ២០២០ ខ្លួនបានបើកការ៉ាស់ឡាន សំរាប់លក់ និងជួល នៅម្តុំអូរ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ក្រោយមកកាលពីថ្ងៃទីមិនចាំ ខែ០៤ ឆ្នាំ២០២៣ បានស្គាល់ជនជាតិ ០១នាក់ ភេទ ប្រុស ធ្លាប់ហៅថា កឺកឺ បានទំនាក់ទំនងស្គាល់គ្នា ហើយជនជាតិ ចិននេះ ក៏ធ្លាប់បានពឹងពាក់ខ្លួន ជួយដោះស្រាយរឿងគាត់ម្តងមកហើយ អោយជួយដោះស្រាយរឿងចរាចរណ៍ ។
នៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៦ និង ០០ នាទីព្រឹក ឈ្មោះ Tang Zhang Wei ជនជាតិចិន បានហៅខ្លួនទៅកាស៊ីណូ ឆាងឆឹង ជាន់ទី ១៥ KTV ហើយក៏បាននិយាយថា ពឹងពាក់ អោយទៅប្តឹង សមត្ថកិច្ច ដើម្បីឆែកឆេរ បន្ទប់ជនជាតិចិន ភេទស្រី នៅអគារ ព្រីន ជាន់ទី ១១ និងអោយខ្លួនយកគ្រឿងញៀនទៅដាក់ក្នុងបន្ទប់ស្ត្រីខាងលើ និងសន្យាអោយប្រាក់ចំនួន ២០០០០$ (ពីរម៉ឺនដុល្លា) ដើម្បីដាក់បន្ទុកអោយជាប់ពន្ធនាគារ យូរឆ្នាំ រហូតដល់ម៉ោង ៨ និង ០០នាទី ក៏បានហៅបុរសជនជាតិ​ចិន ឈ្មោះ ហាវ មកជួបនៅទីតាំងដដែល (ព្រោះគាត់ស្គាល់ទីតាំង និងកន្លែងស្នាក់នៅ ) របស់ស្ត្រីជនជាតិចិន ខាងលើ បន្ទាប់មកបុរសជនជាតិចិន ឈ្មោះ Tang Zhang Wei ហៅ​ កឺកឺ​ ប្រាប់ខ្លួនអោយចាំបន្តិច ហើយគាត់ក៏ចុះទៅក្រោម មួយសន្ទុះ បន្ទាប់មក បានហៅខ្លួនចុះទៅក្រោម​ រួចអោយខ្លួនបើករថយន្ត ដោយគ្រាន់តែឡើងលេីរថយន្តភ្លាមខ្លួន និងឈ្មោះ ហាវ ក៏ឃើញមានគ្រឿងញៀន នៅក្នុងឡានជាស្រេច ហើយគាត់ក៏អោយយកទៅប្តឹង សមត្ថកិច្ច​ ដើម្បីហៅ សមត្ថកិច្ចទៅឆែកឆេរ ក្នុងបន្ទប់ម្នាក់ស្ត្រីហ្នឹង លុះដល់ទីតាំងខ្លួន ក៏បានឡើងទៅជាមួយសមត្ថកិច្ច ហើយជនជាតិចិនឈ្មោះ ហាវ បានឡើងទៅជាមួយ និងប្រាប់លេខបន្ទប់ អោយចូលឆែកឆេរ ក្រោយពេល ដែលសមត្ថកិច្ចកំពុងតែឆែកឆេរ ខ្លួន ក៏បានយកគ្រឿងញៀនដែលឈ្មោះ Tang Zhang Wei ដាក់នៅក្នុងរថយន្តនោះ ទៅដាក់ក្នុងបន្ទប់ទឹក បន្ទាប់មកសមត្ថកិច្ច ក៏បានឆែកឆេរឃើញ ពួកគាត់ បាននាំស្ត្រីនោះទៅសាកសួរ​ និងក្រោយពេលដែលសមត្ថកិច្ចនាំស្ត្រីខាងលើ ទៅសួរនាំ ឈ្មោះ Tang Zhang Wei បានផ្ញើលុយតាម ហួយហ័ង​ឲខ្លួនចំនួន ៧០០០$ (ប្រាំពីរពាន់ដុល្លា)។  ក្រោយមកសមត្ថកិច្ចក៏បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ តែម្ដង​។
៣ -តាមចម្លើយ របស់របស់ឈ្មោះ Gao Ya Hong ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន(មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរតៃកុងឡាន ទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានសារភាពជូន សមត្ថកិច្ច ឲ្យបានដឹងថា ៖ ខ្លួន បានមកដល់ប្រទេសកម្ពុជា តាំងពី២០២០មកម្លេះ មកតាមប្រលានយន្តហោះ ពោធិ៍ចិនតុង រាជធានីភ្នំពេញ ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ ២០២១ ពីបទ (ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ) នៅពន្ធនាគារខេត្តព្រះសីហនុ ។
នៅថ្ងៃទី ៤ ខែ​មិថុនា ឆ្នាំ ២០២៣ ខ្លួនបានរៀបគំរោង ធ្វើបាបស្ត្រីម្នាក់ ឈ្មោះ ធាន ធាន មូលហេតុ ដោយសារតែខ្លួនខឹង និងស្រ្តីឈ្មោះ ធាន ធាន បានជេរប្រពន្ធបង របស់ខ្លួន ( Tang Zhang Wei ) ។ ក្រោយពេលដែលខ្លួនបានទទួលលុយ ពីថៅកែ ( Tang Zhang Wei ) ចំនួន ៣៥០០ដុល្លារ ខ្លួន ក៏បានទាក់ទងទៅបុរសម្នាក់ ដើម្បីទិញគ្រឿងញៀន ដោយខ្លួនបានស្គាល់បុរសម្នាក់តាម​រយៈ​ Group តេលេក្រាម តែមិនចាំឈ្មោះ និង មិនចាំលេខទូរសព្ទ័គេទេ ពេលទាក់ទងទៅគេរួចហើយ ខ្លួន ក៏បានទៅជួបគេនៅមាត់សមុទ្រ រួចក៏បានយកគ្រឿងញៀនមក និងបានប្រគល់លុយទៅឲ្យគេចំនួន ៣៥០០$ (បីពាន់ប្រាំរយដុល្លា) ហើយក៏បានទៅកាស៊ីណូឆាងឆឹង ជាន់ទី១៥ ដើម្បីជួប អាតា(ហៅភ័ត្រា) ហើយយើងបានបើកឡានទៅប៉ុស្តិ៍សង្កាត់លេខ៤ ដើម្បីរាយការណ៍កុហក ថា មានស្រីម្នាក់ (ឆានឆាន) គាត់ប្រើប្រាស់គ្រឿងញៀន ក្រោយពីបានរាយការណ៍ទៅសមត្ថកិច្ចរួចហើយ ខ្លួនបានចេញ​ទៅជាមួយ ភ័ត្រា (ហៅតាកឺ) មុន ដើម្បីទៅបន្ទប់ស្រីខាងលើ ពេលទៅដល់ជាមួយ សមត្ថកិច្ច ខ្លួនបានប្រាប់អាតា (ហៅភ័ត្រា) ឲ្យយកគ្រឿងញៀន ដែលទិញនោះដាក់ក្នុងបន្ទប់ ទម្លាក់កំហុសលើ ឆាន ឆាន ។
បន្ទាប់មកសមត្ថកិច្ច បានឆែករកឃើញគ្រឿងញៀន តែខ្លួនមិនដឹងថាអាតា (ហៅភ័ត្រា) យកគ្រឿងញៀននោះដាក់នៅទីណាទេ ព្រោះខ្លួនមិនបានចូល គឺនៅចាំនៅក្រៅ ។
សន្និដ្ឋាន៖
ក្រោយពីសមត្ថកិច្ច សួរចម្លើយជនសង្ស័យ ៣នាក់ខាងលើ សមត្ថកិច្ចសន្និដ្ឋានថា គឺជាការរៀបចំគំរោងធ្វើបាបទៅលើឈ្មោះ LU Xiaoxin ភេទស្រី ជនជាតិចិន ដើម្បីអោយជាប់គុក រយៈពេលយូរ ព្រោះរឿងគំនុំ ។
​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣នាក់ កំពុងឃាត់ខ្លួន​ នៅអធិការដ្ឋាននគរ​បាលក្រុងព្រះសីហនុ​ ដេីម្បីសាកសួរ នឹងឈានទៅ​កសាងសំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ បន្តស្រាវជ្រាវរកគ្រឿងញៀណ និងចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕
ព័ត៌មានដែលជាប់ទាក់ទង