ឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ជាប់សង្ស័យករណីឃាតកម្ម បាញ់សម្លាប់ជនជាតិចិន

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងប្រឡាយទឹកក្បែរទីលានចាក់សំរាម នៅវេលាម៉ោង ០៩ និង៣៤នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះម្នាក់ឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន រស់នៅក្នុងបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះមានស្នាមរបួសដោយគ្រាប់កាំភ្លើង នៅចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយ មកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង ហើយនៅជុំវិញបរិវេណកន្លែងកើតហេតុបានបន្សល់ទុកសំបក​គ្រាប់កាំភ្លើងខ្លីចំនួន ៣គ្រាប់, សំបកផ្ទុះ ២គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ១គ្រាប់ ជាប្រភេទកាំភ្លើងខ្លីម៉ាកម៉ាក់ GLOUK-17 ។
នៅកន្លែងកើតហេតុគេឃើញមាន លោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញ​កងរាជអាវុធ​ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង ២២និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់រួមមាន៖
១- ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន។
២- ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យខាងលើស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
វត្ថុតាងចាប់យក៖
១- កាំភ្លើងខ្លីម៉ាក GLOUK-17 លេខតួ TSV665 (បង់០១ គ្រាប់០៥គ្រាប់) ចំនួន ០១ដើម ជាកម្មសិទ្ធិរបស់ឈ្មោះ Zhou Yong។
២- កាំភ្លើងខ្លីម៉ាក K54 លេខតួ 29103187 (បង់០១ គ្រាប់០៧គ្រាប់) ចំនួន ០១ដើម ជាកម្មសិទ្ធិ របស់ឈ្មោះ ឡោ លឹមហាប់។
ដើមបណ្ដឹងឈ្មោះ Li Zhong Guo ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត (ត្រូវជាបងជីដូនមួយជនរងគ្រោះ)។
បច្ចុប្បន្ននេះ ជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានយកទៅសួរនាំដើម្បី​រៀបចំចាត់ការតាមនីតិវិធី​ច្បាប់៕
ព័ត៌មានដែលជាប់ទាក់ទង