បញ្ជូនជនសង្ស័យ១២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ក្នុងបទល្មើសហិង្សា កាប់ជនម្នាក់ស្លាប់
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ថា កម្លាំងជំនាញ នឹងបញ្ជូនសំណុំរឿងជនសង្សយ័ចំនួន ១២នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ក្នុងបទល្មើសហឹង្សាកាប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅសង្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញថា កាលពីម៉ោង ០៣និង០០នាទីជិតភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយនិងកាប់បណ្តាលឲ្យមរណ ភាពជនរងគ្រោះ) បង្កឡេីងដោយជនសង្ស័យប្រហែល ៣០នាក់ បានធ្វេីសកម្មភាព មានជនសង្ស័យខ្លះកាន់មួកសុវត្ថិភាព ខ្សែក្រវាត់ ដំបងឈេី និងដាវកែឆ្នៃ ព្រួតគ្នាវាយទៅលេីក្រុមជនរងគ្រោះ មានគ្នា ០៧នាក់ (ប្រុស៣និងស្រី ០៤នាក់) បណ្តាលឲ្យជនរងគ្រោះ ០១នាក់ រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ហើយក្រោយមកបានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភំ្នពេញ ។
ក្រោយកេីតហេតុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ។
បច្ចុប្បន្នជនសង្ស័យទាំង ១២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីចាត់ការតាមនិតិវិធី ចំណែកបក្ខពួកដែលនៅសេសសល់ កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចគ្រប់ជំនាញ កំពុងធ្វេីការស្រាវជ្រាវចាត់ការបន្តតាមជំនាញ៕ (រូបភាពពីន.ប)