អរគុណប្រិយមិត្ត Facebook ដែលរួមគ្នាសង្គ្រោះដីចំណីមាត់ស្ទឹងសង្កែ ពីបុគ្គលល្មោភនិងមន្ត្រីខិលខូច
ខេត្តបាត់ដំបង ៖ នៅទីបំផុតបុគ្គលរមានទ្រព្យ ដែលមានខ្នងបង្អែកមន្ត្រីមួយចំនួន នៃរដ្ឋបាលខេត្តបាត់ដំបង គប់គិតគ្នារំលោភយកដីចំណីមាត់ស្ទឹងសង្កែ បានព្រមកាយអាចម៌ដីចេញពីបាតស្ទឹង និង វាយកំទេចសំណង់រឹងមាំ ដែលសាងសង់រំលោភលើដីចំណីស្ទឹងសង្កែចេញហើយ..។
ទាក់ទិនករណីនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន លោកថា “នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកបានអោយជំនាញ ចុះទៅពិនិត្យជាក់ស្ដែងបន្ថែមទៀត (ទីតាំងសង់សំណង់..)។ ហើយរូបលោក ក៏បានដឹកនាំប្រជុំពិនិត្យ នៅល្ងាចថ្ងៃដដែល និងចុះទៅទីតាំងផ្ទាល់ ក្រោយប្រជុំចប់ ដោយពិនិត្យឃើញថា ៖
– សំណង់អាគារ គឺនៅលើដីកម្មសិទ្ធិរបស់គេ
-ការធ្វើច្រាំងស្ទឹងគឺ តាមលំនាំ និងតាមដំណេកស្ទឹងពីធម្មជាតិ តែអ្វីដែលនៅខ្វះខាតគឺ ម្ចាស់គាត់មិនទាន់កាយដី ដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។
លោកអភិបាលបន្តថា ចំណុចនេះ ម្ចាស់សំណង់ បានឯកភាពកាយដីចេញអោយអស់ដូចស្ថានភាពដើម និងអោយបានលឿនមុនទឹកឡើង..។
– ម្ចាស់ដីយល់ព្រមដោយស្ម័គ្រចិត្ត យកចេញ នូវវេរ៉ង់ដា ដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាង ឃើញខាងក្រោមហ្នឹងមានសរសរ អាក្រក់មើល…ហើយអាចស្ទះចរន្តទឹកតិចតួចដែរពេលខែទឹកឡើង..”។
ករណីខាងលើនេះ សាធារណជន បានរិះគន់ចំពោះមន្ត្រីថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធមួយចំនួន ជាពិសេស ក្បាលម៉ាស៊ីនដឹកនាំ របស់រដ្ឋបាលខេត្តបាត់ដំបង ដែលមិនយកភ្នែកមើល បណ្តែតបណ្តោយ ឲ្យបុគ្គលម្នាក់ អាចសង់សំណង់រឹងមាំ រំលោភយកដីចំណីមាត់ស្ទឹងសង្កែ ជាប្រយោជន៍ផ្ទាល់ខ្លួ នាំឲ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេស នាំឲ្យបាត់បង់ទ្រង់ទ្រាយ ដើម និងសោភណ្ឌភាព នៃមាត់ស្ទឹងសង្កែថែមទៀតផង៕