ព័ត៌មានជាតិ ឪពុកស្ត្រីរងគ្រោះសំណូមពរ សម្តេចតេជោ ហ៊ុន សែន ចាប់ខ្លួនឈ្មោះ រស់ ពុទ្ធា ហៅក្របី ដែលបាញ់កូនស្រីគាត់របួសធ្ងន់ ហើយសមត្ថកិច្ចខេត្តមណ្ឌលគីរី គ្មានចំណាត់ការផ្លូវច្បាប់ទេ ដោយ ខ្មែរស្ថាបនា ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ 2023 7 ខេត្តមណ្ឌលគីរី ៖ ឪពុកស្ត្រីរងគ្រោះពីការប៉ងសម្លាប់ផ្តាច់ផ្តិលជីវិត គឺ លោក ចេង សារ៉ុង បានលើកដៃសំពះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានសំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើជួយស្វែងរកយុត្តិធម៌ ជូនគ្រួសារគាត់ ដ្បិតកូនស្រីបង្កើត របស់គាត់ ត្រូវឈ្មោះ រស់ ពុទ្ធា ហៅក្របី ដែលជាមនុស្សកោងកាច រស់នៅខេត្តមណ្ឌលគីរី បានប្រើកាំភ្លើងខ្លី បាញ់ឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នំា២០២៣ ប៉ុនែ្តជនដៃដល់រូបនេះ មិនត្រូវបាន សមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តមណ្ឌលគីរី ស្វែងរកចាប់ខ្លួន ដើម្បីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ផ្តល់យុត្តិធ៌មជូនគ្រួសារគាត់នៅឡើយទេ។ លោក ចេង សារ៉ុង ដែលជាមន្ត្រីបំរើការងារនៅក្រសួងការពារជាតិផងនោះ បានបន្តថា បច្ចុប្បន្នរបួសកូនស្រីគាត់ កំពុងបន្តសម្រាកព្យាបាលនៅផ្ទះ ក្រោយចេញពីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហើយខណៈនេះ ជនដៃដល់ ឬខ្មាន់កាំភ្លើងឈ្មោះ រស់ ពុទ្ធា ហៅ ក្របី កំពុងមានសេរីភាពនៅក្រៅសំណាញ់ច្បាប់នៅឡើយ។ លោក ចេង សារ៉ុង បន្តថា ជនល្មើសឈ្មោះ រស់ ពុទ្ធា ឬហៅ «ក្របី»នេះ គឺក្រោយបានធ្វើសកម្មភាពបាញ់កូនស្រី របស់គាត់ ឲ្យរងរបួសធ្ងន់រួចមក ក៏ឃើញមានមន្ត្រីមានអំណាច មានឋានៈបុណ្យស័ក្តិខ្ពស់ និងមានឧកញ៉ាៗ មានទ្រព្យមួយចំនួន បានជួយកាងការពារ ចំពោះសកម្មភាពល្មើស របស់ខ្មាន់កាំភ្លើងរូបនេះ ថែមទៀតផង ទើបសមត្ថកិច្ច ខេត្តមណ្ឌលគីរី មិនហ៊ានចាប់ខ្លួនជនល្មើសរូបនេះ បញ្ជូនទៅឲ្យតុលាការផ្តន្ទាទោស..។ អាណាព្យាបាលរូបនេះ បញ្ជាក់បន្តថា គិតល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ គែគ្មានទេយុត្តិធម៌ សម្រាប់គ្រួសារគាត់ ដោយពុំទាន់ឃើញសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ ចេញមុខជួយរករកយុត្តិធ៌ម ជូនគ្រួសារគាត់នោះឡើយ។ ដូច្នេះ រូបលោក មានតែលើកម្រាមដៃដប់ សំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយបញ្ចេញកណ្តាប់ដៃដែក រកយុត្តិធម៌ ជូនកូនស្រីកំពុងមានរបួសធ្ងន់ ក៏ដូចជាគ្រួសារគាត់ ឲ្យបានឆាប់ផងចុះ ដ្បិតជនល្មើសឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ដែលជាម្ចាស់រីហ្សត ឬម្ចាស់ផ្ទះក្រហម មានទីតាំងនៅខេត្តមណ្ឌលគីរី គ្មានសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ នៅក្នុងខេត្តនេះ ហ៊ានចេញមុខចាប់ឃាត់ខ្លួន ដើម្បីបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសនោះទេ៕ 7