បើកសម្ភោធជាផ្លូវការ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កំពង់ផែទេសចេណ៍ខេត្តព្រះសីហនុ ដែលទើបបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញលើកស្ទួយដល់ វិស័យទេសចរណ៍ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឱ្យចូលមកលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀតនាថ្ងៃអនាគត។
លោក ថោង ខុន មានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុនេះ កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាច្រើនស្ថាប័នរួមមាន៖ អ្នកឧកញ៉ា ម៉ុង ប្ញទ្ធី សមាជិកព្រឹទ្ធសភា , លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋា ភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ , អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី អីមផតអិចផត ខូអិលធីឌី (G.T.V.C Import Export Co., Ltd.) និងជាប្រធាន សមាគម ភ្នាក់ ងារដឹកជញ្ជូន ទេសចរណ៍ ជលយានខេត្តព្រះសីហនុ និង លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង លោក លោកស្រី ជាប្រតិបត្តិករទេសចរណ៍ និងវិនិយោគជាច្រើនរូបទៀត។
នាឱកាសនោះ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលជាម្ចាស់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទើបបើកសម្ភោធថ្មី មានប្រសាសន៍ថា ការលេចចេញជារូបរាង នូវកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុពេលនេះ គឺកើតឡើង ដោយមានការជំរុញ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិ ខេត្ត ព្រះសីហនុ ទើបឈានដល់ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD ទទួលសិទ្ធិវិនិយោគពី កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការេ។ ហើយថា កំពង់ផែនេះ អាចចេញចូលអូប័រទេសចរណ៍តូចធំចំនួន ២០គ្រឿង ក្នុងពេលតែមួយ។
អ្នកឧកញ៉ា ទៀ វិចិត្រ បន្តថា កំពង់ផែមួយនេះ គឺជាទីចំណតដ៏មានសុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ ជាកំពង់ផែទេសចរណ៍ ដ៏មានសក្តានុពល ប្រចាំខេត្តព្រះសីហនុ។
អ្នកឧកញ៉ា ឱ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា ការវិនិយោគកំពង់ផែ ដ៏មានតម្លៃខាងលើនេះ នឹងធ្វើឱ្យប្រសើរឡើង ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ដែលបានធ្វើដំណើរមកពីបណ្តាប្រទេសនានា ទូទាំងពិភពលោក។
ទាក់ទិនបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានស្នើសុំការគាំទ្រពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ទទួលយកភ្ញៀវទេសចរមកពីប្រទេសថៃ វៀមណាម និងពីបណ្តាប្រទេសផ្សេងៗទៀត ឱ្យមានការផ្លាស់ប្តូរភ្ញៀវទេសចរទៅមក នៅកំពង់ផែនេះ ឱ្យកាន់តែមានភាពងាយស្រួល នាបណ្តាឆ្នាំខាងមុខ។
ចំណែក លោក ថោង ខុន មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយត្រូវបានចាត់ទុកថា ជា «មាសបៃតង» ដែលបានដើរតួនាទី ជាចន្ទល់គន្លឹះមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារនិងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី ចាត់ទុក កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ថាជាសម្បទាទេសចរណ៍ ដ៏សំខាន់ មួយ ដែលនឹងផ្តល់ភាពងាយស្រួល សន្តិសុខ សណ្តាប់ធ្នាប់ល្អជូនភ្ញៀវទេសចរ មកពីបណ្តាប្រទេសនានា ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតឱកាសការងារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍ តាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ ក៏ដូជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកលេងកម្សាន្ត ក្នុងខេត្តនេះ កាន់តែច្រើនថែម ទៀតនាថ្ងៃខាងមុខ។
លោក ថោង ខុន បន្តថា វិស័យទេសចរណ៍ «ទេសចរណ៍វប្បធម៌ និងធម្មជាតិ» ជាវិស័យអាទិភាព មួយយ៉ាងសំខាន់ ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
លោកមានជំនឿថា កំពង់ផែទេសចរណ៍ថ្មីនេះ មិនត្រឹមតែជាសម្បទាទេសចរណ៍ ដ៏សំខាន់មួយ ដើរតួនាទី ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកមកកាន់ប្រទេសកម្ពុជា ឬចូលមកទស្សនាខេត្តព្រះសីហនុ កាន់តែច្រើនប៉ុណ្ណោះទេ ប៉ុនែ្តក៏ជួយពន្យាការស្នាក់នៅ របស់ភ្ញៀវទេសចរ ក្នុងប្រទេសកម្ពុជា បានយូរថ្ងៃថែមទៀតផង។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុថ្មីនេះ ក៏ជាការចូលរួម ចំណែកជាមួយ រដ្ឋាភិបាលកម្ពុជា លើវិស័យទេសចរណ៍ បម្រើ និងផ្តល់ នូវសេវាប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសបានបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ កាន់តែប្រសើរ ថែមទៀតផង៕