ព្រះមហាក្សត្រ អំពាវនាវដល់អ្នកមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា

រាជធានីភ្នំពេញ ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ស្តេចសព្វព្រះរាជហឫទ័យ អំពាវនាវជាឱឡារិកជូន បងប្អូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។

ព្រះករុណា ព្រះមហាក្សត្រ មានបន្ទូលដូច្នេះ ៖ ” ផ្ញើជូនជនរួមជាតិ ជាទីគោរពស្នេហាដ៏ជ្រាលជ្រៅបំផុត!

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ។

ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម កំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ខ្ញុំ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោត ទៅតាមសតិសម្បជញ្ញៈ របស់ ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី។

សូម ជនរួមជាតិទាំងអស់ ប្រកបតែនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងមេត្តាទទួលនូវសេចក្ដីគោរពស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីខ្ញុំ”៕

ព័ត៌មានដែលជាប់ទាក់ទង