កំពង់ផែអន្តរជាតិ តារាសាគរ នៃខេត្តកោះកុង បើកដំណើរការជាផ្លូវការ នៅថ្ងៃទី២៥ ខែកញ្ញានេះ
កំពង់ផែអន្តរជាតិ តារាសាគរ បានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃចន្ទនេះ..!
ខេត្តកោះកុង ៖ អភិបាលរងខេត្តកោះកុង គឺលោកស្រី អ៊ី នារីនេត មានប្រសាសន៍នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា ខេត្តកោះកុង បានទទួល នូវសមិទ្ធផលថ្មីមួយទៀត គឺ កំពង់ផែកោះកុង ផត មេនេចម៉ិន ដែលបានលេចចេញជារូបរាងឡើងនៅថ្ងៃនេះ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលរាជដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគ បានកសាងឡើង សម្រាប់សម្រួលដល់វិស័យដឹកជញ្ជូន។
លោកស្រីមានជំនឿថា កំពង់ផែថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឬផលកសិកម្ម របស់ប្រជាពលរដ្ឋ ដែលកំពុងតែប្រកបរបរកសិកម្ម នៅមូលដ្ឋាននានា សំដៅលើកកម្ពស់ជីវភាព របស់ប្រជាកសិករ រស់នៅក្នុងខេត្តកោះកុង ឱ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានជីវភាពធូរធារជាងមុន ដោយហេតុថា ផ្លូវ ស្ពាន និងកំពង់ផែ គឺជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់ចាំបាច់បំផុត មិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ៕