ACU ស្នើឲ្យស្មៀន និងចៅសង្កាត់ចោមចៅ១ បំភ្លឺករណីទារលុយសេវាផ្សេងៗ និងករណីមិនបើកប្រាក់លើកទឹកចិត្ត ជាង២០០លានរៀល!

រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អេស៊ីយូ(ACU) នាពេលថ្មីៗនេះ បានចេញលិខិត ជូន លោក សូរ ភ័ក្រលំព័ង្ស ស្មៀន និងលោកចៅសង្កាត់ចោមចៅ១ សុំការបំភ្លឺ ពាក់ព័ន្ធករណីទារប្រាក់ថ្លៃសេវា លើគ្រប់ឯកសារ ដែលប្រជាពលរដ្ឋ ស្នើសុំចុះ ហត្ថលេខា និងបោះត្រា និងករណី មិនបានបើកប្រាក់លើកទឹកចិត្ត សម្រាប់មន្ត្រីជាង ២០០ លានរៀល។

អង្គភាពប្រឆាំងអំពើពុករលួយ បានលើក ឡើងថា អង្គភាព ACU បានទទួល និងពិនិត្យ លើពាក្យប្ដឹង ដែលបានលើកឡើងថា លោក និងលោក គង់ វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃសេវា តាមតែអំពើចិត្ត លើគ្រប់ឯកសារ នៅពេលដែលប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខា និងបោះត្រា ដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយទេ។

ចំពោះការស្នើសុំជួសជុល ឬ សាងសង់ លោក និងលោក កង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់ របស់ប្រជាពលរដ្ឋ ជាងនេះទៅទៀត រូបលោក និងលោក កង វង ចៅសង្កាត់ចោមចៅ១ មិនបានបើកប្រាក់ជាង ២០០ លានរៀល ចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២០ ជូនដល់មន្ត្រីឡើយ។ ដូច្នេះ ត្រូវបំភ្លឺករណីនេះ មកអង្គភាពប្រឆាំងអំពើពុករលួយវិញ ឲ្យបានឆាប់ ហើយការបំភ្លឺ របស់លោក គឺជាមូលដ្ឋាន សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ ពិចារណាថា ត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ។

សូមបញ្ជាក់ថា ការស្នើឲ្យស្មៀន និងចៅសង្កាត់ បំភ្លឺនេះ ធ្វើឡើងដោយយោងតាមពាក្យ បណ្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៕

ព័ត៌មានដែលជាប់ទាក់ទង