សង្ក្រាន្ត ចូលនៅថ្ងៃសៅរ៍ ថ្ងៃទី១៣ ខែមេសា ម៉ោង២២និង២៤នាទី
មហាសង្ក្រាន្ត ឆ្នាំថ្មី ព.ស ២៥៦៨ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦✍️
សុភមស្ដុ ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្ដាកន្លងទៅហើយបាន ២៥៦៧ ត្រឹមថ្ងៃពុធ ១៥កើត ខែពិសាខ លុះដល់ថ្ងៃព្រហស្បតិ៍ ១រោច
ខែពិសាខ ឆ្នាំរោង ឆស័ក តទៅចូល ពុទ្ធសករាជ ២៥៦៨។
នឹងគណនា ឆ្នាំរោង ឥឡូវនេះ សង្ក្រាន្ត ចូលនៅ ថ្ងៃទីសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ.ស ២០២៤ វេលាម៉ោង
២២ និង២៤នាទី។ ពេលនោះព្រះអាទិត្យ ចេញពីមីនរាសី ទៅឋិតនៅឯ មេសរាសី តាមផ្លូវគោវិថីផ្លូវកណ្ដាលមាន ទេវធីតា មួយព្រះ
អង្គជា មគ្គនាយិកាព្រះនាម « មហាធរទេវី » ជារាជបុត្រទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌ខៀវ លម្អ នៅ ព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់ « សាច់ទ្រាយ » ព្រះហស្ដស្ដាំទ្រង់ កងចក្រ ព្រះហស្ដ
ឆ្វេងទ្រង់ ត្រីសូល៍ ទ្រង់គង់ផ្ទំបើក ព្រះនេត្រ នៅលើខ្នង ស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ។ ទើបនាំអស់ ទេវបុត្រទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ធម្មមាលី នាទី ភ្នំកៃលាស ខែត្រហិមពាន្ត ជាទីតម្កល់ទុកនូវ ព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន ៦០នាទី។ ទើបនាំយកទៅតម្កល់ទុក
កន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជា មាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទាន រក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗ ព្រះអង្គ ក្នុង ភគវតីសភាសាលា ដែល ព្រះវិស្សកម្មទេវបុត្រ និមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គល ឱ្យជ្រះស្រឡះ ហើយចម្រើននូវ សិរីសួស្ដីជ័យមង្គលជន្មាយុយឺនយូរដល់ ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្ត តរៀងទៅ។
ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស ២០២៤ ជាថ្ងៃចូល ឆ្នាំរោង ឆស័ក។
ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ.ស ២០២៤ ជាវារៈវន័បត។
ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស ២០២៤ ជាវារៈវន័បត។
ថ្ងៃអង្គារ៍ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០២៤ វេលាម៉ោង០២ និង១៥នាទី ០០វិនាទី ជាវារៈឡើងស័ក គម្រប់ជា
សង្ក្រាន្ត បួនថ្ងៃស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ តទៅ។