បន្ទាប់ពីមានបទបញ្ជា របស់ សម្តេចបវរ ហ៊ុន ម៉ាណែត កម្លាំងជំនាញខេត្តព្រះសីហនុ ទើបខំប្រឹងចុះអនុវត្តការងារ

ខេត្តព្រះសីហនុ ៖ ក្រោយមានបទបញ្ជាពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ឳ្យថ្នាក់ដឹកនាំនៅតាមរាជធានី-ខេត្ត ប្រើវិធានការក្តៅបង្ក្រាប និងទប់ស្កាត់បទល្មើសក្មេងទំនើង និងបទល្មើសផ្សេងៗទៀត ឳ្យមានប្រសិទ្ធភាព រួចមក គេសង្កេតឃើញថា នៅខេត្តជាប់ឆ្នេរសមុទ្រឯណោះវិញ លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងជាគណៈអភិបាលខេត្តព្រះសីហនុ បានកោះប្រជុំ​មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធទាំងស៊ីវិល និងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសបានដាក់បទបញ្ជាបន្តទៅកាន់ ថ្នាក់ដឹកនាំ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ និង​ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ឳ្យចុះបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសផ្សេងៗទៀត​ ឳ្យមានប្រសិទ្ធភាព ខណៈបទល្មើសជាច្រើនប្រភេទ កំពុងធ្វើសកម្មភាព នាំឳ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ក្នុងការរស់នៅ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានមួយចំនួន។
ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៤ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថព្រះសីហនុ បានឳ្យដឹងថា កម្លាំងរបស់លោក បានចុះល្បាតនិងឃាត់ខ្លួន ក្រុមយុវជន ចំនួន ០៩នាក់ ក្នុងនោះ មានជនជាតិឥណ្ឌូនេស៊ី ចំនួន ០២នាក់, ជនជាតិវៀតណាម ០២នាក់ និង ជនជាតិខ្មែរ ០៥នាក់។ ព្រមជាមួយគ្នានោះ កម្លាំងជំនាញ ក៏បានដកហូតវត្ថុតាងម៉ូតូ ចំនួន ០៦គ្រឿង ដែលបំពាក់បំពង់សុីម៉ាំងកែច្នៃ ខុសលក្ខណ:បច្ចេកទេស បង្កសំឡេងរំខាន ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ: ដោយនាំយុវជនទាំងនោះ ​មកអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនាថ្ងៃអនាគត មុននឹងអនុញ្ញាតឳ្យវិលទៅលំនៅដ្ឋានវិញ។
​ចំពោះម៉ូតូ របស់ក្មេងទំនើងទាំងនោះ ត្រូវបានកម្លាំងជំនាញ នាំយកមករក្សាទុកជាបណ្តោះអាសន្ន ក្នុងទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ រង់ចាំម្ចាស់យកបំពង់សុីម៉ាំង ម​ក​ផ្លាស់ប្តូរ ឱ្បបានត្រឹមត្រូវ​តាមលក្ខណ:បច្ចេកទេស ទើបអនុញ្ញាតឱ្យយកត្រឡប់ទៅប្រើប្រាស់វិញ។
ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ ថ្ងៃទី២៥ ខែឧសភា ក្នុងពេលកម្លាំងជំនាញចុះល្បាត តាមបណ្តាគោលដៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា ស្វែករកបទល្មើ​ស​បង្ការ​ទប់ស្កាត់ បង្ក្រាបរាល់សកម្មភាព របស់ក្រុមក្មេ​ងទំនើ​ង តាមបទបញ្ជា របស់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណា ផ្តល់ការរស់នៅជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ឳ្យមានសុវត្ថិភាពល្អ។

 

ចំណែក​ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោយ​ទទួលការរាយការណ៍ពី ប្រជាពលរដ្ឋ ពា​ក់ព័​ន្ធក្រុមក្មេ​ងទំនើ​ងប​ង្ហោះម៉ូតូ យ៉ាងអណាធិបតេយ្យ រួចមក គឺលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ​​ក៏បានបញ្ជាទៅ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ឳ្យចុះល្បាត​ និងតាមស្វែងរក ក្រុមក្មេងទំនើងទាំងនោះ នៅតាមដងផ្លូវនានា ក្នុងក្រុងព្រះសីហនុ  រួចក៏ប្រទះឃើញ​ក្មេ​ងទំនើ​ង ០១ក្រុមមានគ្នា ១២នាក់ ​ហើយក៏បានឃាត់ ដើម្បីសាកសួរ។

សមត្ថកិច្ចបន្តថា ក្រោយសួរនាំរួច ក្រុមក្មេងទាំងនោះ បានសារភាពថា ពិតជាបានប​ង្ហោះម៉ូតូពិតមែន ហើយក៏ធ្លាប់​ធ្វើសកម្មភាពដូចគ្នានេះ នៅរាជធានីភ្នំពេញផងដែរ។

ចំពោះ វត្ថុតាង ដករហូតពីក្រុមក្មេ​ងទំនើ​ងទាំងនោះ រួមមាន ៖ ទូរស័ព្ទ ចំនួន ១២ គ្រឿង និងម៉ូតូ០៥គ្រឿង​។ ហើយថា ​​ករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំតាមនីតិវិធី។

ទោះជាបែបនេះក្តី អាណាព្យាបាល រស់នៅខេត្តព្រះសីហនុ និងភ្ញៀវទេសចរជាតិ ស្នើដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំ​ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាដើម ត្រូវពង្រឹងសកម្មភាពការងារបង្ក្រាបបទល្មើសផ្សេងៗ ​របស់ខ្លួន ឳ្យបានជាប្រចាំ ដោយកុំរង់ចាំ​ មានបទបញ្ជា របស់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ទើបនាំគ្នាដុតដុតជើង ចុះបង្ក្រាបបទល្មើស​​តាមក្រោយនោះ។
ពលរដ្ឋរស់នៅក្រុងព្រះសីហនុ បន្តថា កន្លងមក នៅក្នុងមូលដ្ឋាននានា ក្នុងមូលដ្ឋាននេះ តែងកើតមាន​បទល្មើសចោរលួចគាស់ផ្ទះ លួចទ្រព្យសម្បត្តិនៅពេលយប់ ចោរឆក់កាបូប ចោរលួចកាច់កម៉ូតូ បញ្ហាចរាចរ​ជួញដូរ ផលិតគ្រឿងញៀន ឃាតកម្ម និងក្រុម​ជនជាតិចិនប្រើហិង្សា វាយកាប់ចាក់គ្នាជាដើម តែងកើតមាន​ជាបន្តបន្ទាប់ ប៉ុន្តែកម្លាំងសមត្ថកិច្ចស្ថាប័នជំនាញ ហាក់​ចុះបង្ក្រាបមិនបានទាន់ពេល និងមិនមានប្រសិទ្ធភាពនៅឡើយទេ៕ កម្ពុជាថ្ងៃនេះ

 

ព័ត៌មានដែលជាប់ទាក់ទង