​ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្ត​​​បាត់ដំបង- ពោធិ៍សាត់ និងខេត្តកោះកុង​ សម្រេចការសាងសង់​ជាង​៨៣​%

ខេត្តពោធិ៍សាត់ ៖ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម មានប្រសាសន៍ថា គម្រោង​ស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ រួមមាន៖ ​ខេត្តបាត់ដំបង- ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមបំណាច ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងនោះរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤១,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

​លោក ផន រឹម ​ឱ្យដឹងបន្តថា នៅរដូវវស្សានេះ ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន ដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះ នៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើៗ ពេលមានភ្លៀងធ្លាក់ខ្លាំង។

លោកបន្ថេមថា បច្ចុប្បន្នកំណាត់ផ្លូវលេខ១០ មានស្ថានភាពដូចតទៅ ៖ ពី pk0 (សំឡូត)-pk60 (ក្រពើពីរ) កៅស៊ូ ,ពី pk 60-pk 85 ក្រួសក្រហម ,ពី pk 85-pk112 (អូរសោម) កៅស៊ូ , ពី pk 112 -pk 130 ក្រួសក្រហម (អាចរអិលបន្តិចបន្តួចពេលភ្លៀងលើកំណាត់ខ្លះៗ),ពី pk 130-pk 160 កៅស៊ូ, pk 160 -pk 175 ក្រួសក្រហម និងពី pk 175-pk 198 (កោះកុង) កៅស៊ូ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។

គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់ នាខែមិថុនា ឆ្នាំ២០២៥
ខាងមុខនេះ៕

ព័ត៌មានដែលជាប់ទាក់ទង