សូមប្រយ័ត្នសត្វថ្លែនខាំឬចឹក ខណៈមនុស្សពីរនាក់​ រស់នៅខេត្តមណ្ឌលគិរី បានស្លាប់ក្រោយត្រូវថ្លែនខាំ

ខេត្តមណ្ឌលគីរី ៖ អាជ្ញាធរមូលដ្ឋាន បានឳ្យដឹងថា ​បុរសម្នាក់ មានមុខរបរជាកសិករ​ បានស្លា​ប់ភ្លាមៗ ក្រោយត្រូវសត្វថ្លែនខាំ ឬចឹក នៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤។
សមត្ថកិច្ច បញ្ជាក់ថា ករណី​ជនរងគ្រោះស្លាប់ដោយសត្វថ្លែនចឹកនេះ គឺជាករណីទី២ ហើយនៅខេត្តមណ្ឌលគិរី ​ព្រោះថាកន្លងទៅថ្មីៗនេះ ក៏មានកុមារាម្នាក់ ក៏ត្រូវបានសត្វថ្លែនចឹក ឬខាំ បណ្តាលឳ្យបាត់បង់ជីវិត​​ផងដែរ។
​ជនរងគ្រោះក្នុងករណីសត្វថ្លែនខាំស្លាប់នេះ មានឈ្មោះ កង អ៊ីន អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ​។
​ទាក់ទិនបញ្ហានេះ ភរិយាបុរសរ​ងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅម៉ោងប្រមាណ ៧យប់ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៤ ប្ដីរបស់គាត់ បានប្រាប់ឳ្យគាត់ និងកូនៗ ចេញពីមុង ព្រោះមានសត្វថ្លែនខាំគាត់ ហើយនៅពេល​ប្ដីគាត់ បម្រុងវាយសត្វថែ្លននោះ វាក៏ធ្លាក់ពីលើផ្ទះ ទៅដី​​រត់បាត់ស្រមោល។
ភរិយាដដែល បន្តថា ក្រោយសត្វថ្លែនខាំ បានមួយសន្ទុះ ប្ដី របស់គាត់ ក៏មានអាការៈចុកទ្រូង និងរឹងថ្គាម​។ ហើយ ដោយ​ឃើញសភាពមិនប្តី ស្រួលគាត់ ក៏បានពឹងឱ្យអ្នកជិតខាង ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ រូបគាត់ ទទួលដំណឹងមកថា ប្ដី​គាត់ស្លា​ប់ទៅហើយ​។
សមត្ថកិច្ច ​ធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋានថា បុរសរងគ្រោះខាងលើ ពិតជាស្លា​ប់ដោយសារសត្វថ្លែនខាំ ពិតប្រាកដមែន។
ផ្តើមពីបញ្ហានេះ សមត្ថកិច្ចជំនាញកោសល្យវិច្ច័យ បានក្រើនរំលឹក និងជូនដំណឹងទៅដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ជាពិសេសពលរដ្ឋ រស់នៅខេត្តមណ្ឌលគិរី ត្រូវប្រុងប្រយ័ត្ន ចំពោះសត្វថ្លែន ព្រោះបើតាមការពិនិត្យជាក់ស្តែង សត្វថ្លែន នៅខេត្តមណ្ឌលគិរី បានខាំ ឬចឹក មនុស្សស្លាប់ចំនួនពីរនាក់ រួចមកហើយ៕
ព័ត៌មានដែលជាប់ទាក់ទង