ពលរដ្ឋអះអាងថា ឈ្មោះ តែ គឹមសាន ជាអ្នករត់ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ នៅខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
ខេត្តមណ្ឌលគិរី ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅខេត្តមណ្ឌលគិរី បានអះអាងថា រំសេវជាច្រើនតោន ត្រូវបានឈ្មួញ ដឹកជញ្ជូនជារៀងរាល់ខែ ចូលមកក្នុងតំបន់ធ្វើអាជីវកម្ម រ៉ែមាស ខុសច្បាប់ មានទីតាំងស្ថិតនៅចំណុចព្រៃមាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយគ្មានមន្ត្រីមកពីក្រសួង មន្ទីរ ឬស្ថាប័នពាក់ព័ន្ធ ផ្នែកណាមួយចុះបង្ក្រាបទេ។
ប្រភពបញ្ជាក់ថា មុខសញ្ញាដែលនាំរំសេវ ចូលច្រើនជាងគេ មានឈ្មោះ តែ គឹមសាន ដែលជាអ្នកចែកចាយរំសេវ ដ៏សកម្មម្នាក់ ក្នុងចំណោមឈ្មួញផ្សេងទៀត។
បន្ថែមលើនេះ ឈ្មោះ តែ គឹមសាន ក៏ជាដើរអ្នកប្រមូលលុយពី ក្រុមអ្នកប្រកបអាជីវកម្មរ៉ែខុសច្បាប់ ដើម្បីយកទៅរត់ការ ដោះស្រាយជាមួយ សមត្ថកិច្ចគ្រប់ជំនាញ រួមមាន៖ មន្ត្រីថ្នាក់ដឹកនាំមន្ទីរបរិស្ថាន មន្ត្រីមន្ទីររ៉ែ និងមន្ត្រីស្ថាប័ននគបាល ជាដើម។
ជាពិសេស មេៗគ្រាក់ៗ ធំៗក្នុងខេត្តមណ្ឌលគិរី ក៏ទទួលបានលុយរាប់ពានដុល្លារ ក្នុងមួយខែៗ ពីឈ្មោះ តែ គឹមសាន។ ដោយក្នុងនោះ លោកធំម្នាក់ៗ ទទួលលុយពីអ្នករត់ការខាងលើ ចន្លោះចាប់ពី ៥ពាន់ដុល្លា រ ដល់ ១ម៉ឺនដុល្លារ ជាថ្នូរបិទភ្នែកបិទច្រមុះ មិនចុះបង្ក្រាបសកម្មភាព លួចធ្វើរ៉ែខុសច្បាប់ នៅទីតាំងខាងលើទេ។ ហើយបញ្ហានេះ ក៏ហាក់មិនទាន់ឃើញមន្ត្រីជំនាញពី អង្គភាពប្រឆាំងអំពើរពុករលួយ ចុះមកស៊ើបអង្កេត លើរឿងនេះនៅឡើយដែរ កន្លងមក។
ករណីខាងលើនេះ ត្រូវបានគេដាក់ការសង្ស័យថា ទំនងជាអាចមានការគុបគិតគ្នាពី មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ជាប្រព័ន្ធ ទើបគ្មានការចុះបង្ក្រាបបទល្មើស លួចធ្វើអាជីវកម្មរ៉ែខុសច្បាប់ ក្នុងខេត្តមណ្ឌើគិរី ហើយបានបន្តធ្វើសកម្មភាព ដោយរលូន។
ប្រភពដដែល បញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហាកន្លងមកថ្មីៗនេះ មេក្លោងឈ្មោះ តែ គឹមសាន បានកោះប្រជុំជាថ្មី ដើម្បីឱ្យសមាជិកជាម្ចាស់រណ្តៅទាំង ១៣រណ្តៅ ចូលបង់លុយខែថ្មី ដោយខែនេះ ត្រូវបង់លុយក្នុងមួយរណ្ដៅៗ ចំនួន ៦ពានដុល្លារអាមេរិក ពោលគឺ ឡើងថ្លៃជាងខែមុនៗ ក្នុង ១រណ្តៅ ១ពាន់ដុល្លារថែមទៀត។ ហើយ ករណីឡើងតម្លៃបង់ រណ្ដៅខែថ្មីនេះ ត្រូវបាន លោក តែ គឹមសាន អះអាងទៅក្រុមសមាជិកទាំងនោះថា ខ្លួននឹងយកលុយទាំងនេះ ទៅរត់ការបន្ថែមដល់ ក្រសួងរ៉ែ ដើម្បីឱ្យដំណើរការធ្វើអាជីវកម្មរ៉ែមាស នៅមូលដ្ឋានខាងលើ កាន់តែរឹងមាំថែមទៀត ខណៈឈ្មោះ តែ គឹមសាន បានអនុវត្តជោគជ័យ ទៅលើសេវាកម្មដឹកជញ្ជូនរំសេវ ដើម្បីធ្វើអាជីវកម្ម មួយមុខ ដោយរលូន រួចហើយនោះ។
យ៉ាងណា សារព័ត៌មានយើង នៅមិនទាន់អាច ស្នើសុំការបំភ្លឺពី លោក តែ គឹមសាន ដែលរងការចោទប្រកាន់បានទេ ខណៈ លោកអភិបាលខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏មិនទាន់អាចទាក់ទង ដើម្បីស្នើការបញ្ជាក់ ករណីខាងលើបានដែរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ៕