នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបលោកវរសេនីយ៍ទោ Kyle Saltzman ប្រធានការិយាល័យ អនុព័ន្ធយោធាអាមេរិកថ្មី ប្រចាំកម្ពុជា
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ លោក វរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបពិភាក្សានោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសាទរចំពោះលោក វរសេនីយ៍ទោ ខាល សលមែន ដែលទើបតែងតាំងជាប្រធានការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជា ដោយជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់លោក នឹងជំរុញការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត។
នាឱកាសនោះ លោក ក៏បានលើករំលឹកអំពីទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលមានតាំងពីឆ្នាំ១៩៥០ ព្រមទាំងបានថ្លែងអំណរគុណចំពោះ សហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងដំណើរការបង្រួបបង្រួមជាតិ ការថែរក្សាសន្តិភាព នៅកម្ពុជា នាទសវត្សរ៍៩០ ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។ ការរួមចំណែកអភិវឌ្ឍលើវិស័យមួយចំនួន ការផ្តល់ជំនួយ សម្រាប់លើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងសកម្មភាពដោះមីននៅកម្ពុជា។
បន្ថែមលើនេះ លោក វង្ស ពិសេន ក៏បានលើកឡើងពីការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ជាពិសេសដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនៅកម្ពុជា និងការចូលចត នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកជាដើម។
ចំណែកកងយោធពលខេមរភូមិន្ទ កម្ពុជា ក៏បានបញ្ជូនប្រតិភូ ទៅចូលរួមក្នុងកម្មវិធីមួយចំនួន នៅថ្នាក់តំបន់ដែលរៀបចំដោយ កងទ័ពអាមេរិកផងដែរ។
លោក ក៏បានស្នើដល់ភាគីសហរដ្ឋអាមេរិក ឲ្យបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ព ប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិក និងការពិនិត្យលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺន រួមគ្នាឡើងវិញជាដើម..។
ជាកិច្ចឆ្លើយតប លោក វរសេនីយ៍ទោ ខាល សលមែន បានថ្លែងអំណរគុណដល់ លោក វង្ស ពិសេន ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យរូបលោក ចូលជួបសំដែងការគួរសម ដោយលោកសង្ឃឹមថា កងទ័ពប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នាឡើងវិញ ជាពិសេស ទំនាក់ទំនងយោធានិងយោធា ដែលឱកាសមានច្រើន។
ជាងនេះទៀត លោក វរសេនីយ៍ទោ ក៏បានលើកឡើងពីទំនាក់ទំនងរយៈពេល ៧៥ឆ្នាំ ដែលប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក សម្រេចបាននូវសមិទ្ធផលរួមគ្នាជាច្រើន ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន នៅកម្ពុជា។
លោក វរសេនីយ៍ទោ បញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ មេបញ្ជាការកងទ័ព សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះ លោកមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការ ទៅថ្ងៃខាងមុខ ក៏ដូចជាឱកាស នៃការចាប់ផ្ដើមឡើងវិញ នូវលំហាត់ឆ្មាំអង្គរផងដែរ៕