ឃាតករមិនហ៊ានប្រាប់ មេខ្លោងនៅពីក្រោយការជួល បាញ់សម្លាប់ លោក លិម គិមយ៉ា ទេព្រោះបារម្ភពីសុវត្ថិភាពគ្រួសារ
ថៃ ៖ ខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ(Ekkalak Phaenoi) ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅទីក្រុងបាងកក មិនទាន់សារភាពបង្ហាញអត្តសញ្ញាណអ្នកបញ្ជា ឱ្យធ្វើឃាត និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅឡើយទេ។
សមត្ថកិច្ចនគរបាលថៃ ឲ្យដឹងថា តាមការសួរចម្លើយជាច្រើនម៉ោង ជនជាប់ចោទ បានផ្ដល់ចម្លើយបន្តិចបន្តួច និងស្នើសុំអូសបន្លាយពេលជាច្រើនដង។ បន្ទាប់ពីការសួរចម្លើយរហូតដល់ម៉ោង ១០យប់ កាលពីថ្ងៃទី១១ ខែមករា ដោយប្រើពេលអស់ជាង ៣ម៉ោង ខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ បាននិយាយបណ្ដើរ គិតបណ្ដើរ ប៉ុន្តែសារភាពថា រូបគេគឺជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា តាមផែនការ ដែលបណ្ដាញកំណត់ឱ្យ ប៉ុន្តែបានបដិសេធថា លោកមិនបានចូលរួមបង្កើតផែនការសម្លាប់នោះឡើយ ហើយលោកក៏មិនបានប្រាប់ពីអ្នកបញ្ជានៅពីក្រោយខ្នងដែរ ដោយខ្លាចមានបញ្ហាសុវត្ថិភាពលើគ្រួសារលោក។
ប៉ូលិសក្រុងបាងកក លោក អដ្ឋាផន វង្សសិរិព្រីដា (Arthaphorn Wongsiripreeda) ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែមករា ថា ខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ បានសារភាពថា រូបគេបានទទួលបញ្ជា ឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា ពីជនជាតិថៃម្នាក់ ដែលជាអ្នកមានគុណបំណាច់លើរូបលោក កាលពីលោក ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌទាហានដំបូង។
ខ្មាន់កាំភ្លើងបានសារភាពទៀតថា ដំបូងឡើយរូបគេ បានបដិសេធបញ្ជានេះដែរ ប៉ុន្តែដោយសារអ្នកបញ្ជា បានជំរុញរូបគេជាច្រើនដង រហូតព្រមទទួលភារកិច្ចនេះនៅមុនពេលកើតហេតុ ២៤ម៉ោង ក្នុងតម្លៃឈ្នួលចំនួន ៦ម៉ឺនបាត ឬជាង ១ពាន់ ៧រយដុល្លារ ដោយរូបគេទទួលភារកិច្ចនេះ គឺចង់តបស្នងសងគុណ ចំពោះអ្នកបញ្ជានោះ។
លោក អដ្ឋាផន វង្សសិរិព្រីដា ប្រាប់ទៅអ្នកសារព័ត៌មានទៀតថា ខ្មាន់កាំភ្លើងបានប្រាប់ពីប្រតិបត្តិការបាញ់សម្លាប់ លោក លិម គិមយ៉ា នេះ គឺមានអ្នករៀបចំគម្រោងជាប្រព័ន្ធ ដោយមានជនជាតិខ្មែរ ប្រើឈ្មោះជាភាសាថៃថា ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ជាអ្នកផ្ទេរលុយតាមគណនីធនាគារ អ្នកផ្ញើសារតាមបណ្ដាញទំនាក់ទំនងឡាញ(Line) ប្រាប់ពីអត្តសញ្ញាណ លោក លិម គិមយ៉ា ពេលវេលា និងទីតាំងចំណតរថយន្ត។
លោក អដ្ឋាផន បញ្ជាក់ពីចម្លើយសារភាពថា ក្រោយពេលបាញ់សម្លាប់លោក លិម គិមយ៉ា រួច ខ្មាន់កាំភ្លើងបានរត់គេចខ្លួន តាមការចង្អុលបង្ហាញរបស់បណ្ដាញអ្នកបញ្ជា ឱ្យសម្លាប់ ដោយប្រើប្រាស់តាមជំហាន និងឧបាយកល ដើម្បីបោកបញ្ឆោតមន្ត្រីស៊ើបអង្កេត រហូតពួកគេបាននាំលោកទៅដល់ព្រំដែន ស្រុកខៅដិន (Khao Din) ខេត្តស្រះកែវ (SaKeo) មានយុវជនចំនួន ២នាក់ជាជនជាតិខ្មែរ ចាំទទួលខ្មាន់កាំភ្លើង និងដឹកតាមម៉ូតូចុះតាមច្រកស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប៉ូលិសក្រុងបាងកក រូបនេះ បញ្ជាក់ថា នៅពេលសាកសួរអំពើអត្តសញ្ញាណ និងឈ្មោះអ្នកបញ្ជាឱ្យសម្លាប់ និងអ្នកពាក់ព័ន្ធផ្សេងទៀតនោះ ខ្មាន់កាំភ្លើងរូបនេះ បានបង្ហាញអារម្មណ៍តប់ប្រមល់ និងឈប់ឆ្លើយសំណួរ ហើយសុំជក់បារី រហូតដល់មួយសន្ទុះក្រោយមក ទើបផ្ដល់ចម្លើយឡើងវិញ។
ទោះជាបែបនេះក្ដី លោក អដ្ឋាផន វង្សសិរិព្រីដា លើកឡើងថា សមត្ថកិច្ចជំនាញបានកំណត់ពីតម្រុយអ្នកពាក់ព័ន្ធមួយចំនួន នៅក្នុងទូរស័ព្ទឆ្លាតវៃ របស់ខ្មាន់កាំភ្លើង ដែលបង្ហាញពីសារឆ្លើយឆ្លងគ្នាអំពីការចង្អុលបង្ហាញពីពេលវេលា និងគោលដៅបាញ់សម្លាប់លោក លិម គិមយ៉ា និងផែនការរត់គេចខ្លួនឆ្លងដែនចូលកម្ពុជា ក៏ប៉ុន្តែ មានសារមួយចំនួន ហាក់មិនស៊ីគ្នានឹងចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងឡើយ។
សមត្ថកិច្ចកម្ពុជា បានប្រគល់ខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ ដែលធ្វើឃាត លោក លិម គិមយ៉ា នៅទីក្រុងបាងកក ឱ្យសមត្ថកិច្ចថៃ នៅថ្ងៃទី១១ ខែមករា ក្រោយការចាប់ខ្លួន នៅឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៨ ខែមករា បន្ទាប់ពីខ្មាន់កាំភ្លើងរូបនេះ បានគេចខ្លួនចេញពីប្រទេសថៃ ចូលមកកម្ពុជា។
បន្ទាប់ពីបញ្ជូនខ្លួនតាមឧទ្ធម្ភាគចក្រដល់ស្ថានីយប៉ូលិស ឆាណាក់ ស៊ុងក្រាម (Chanasongkram Police Station) ក្នុងក្រុងបាងកក (Bangkok) ភ្លាមៗ ខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ ត្រូវបានបញ្ជូនទៅត្រួតពិនិត្យរាងកាយ និងបញ្ជូនទៅសួរចម្លើយក្នុងថ្ងៃដដែល។
ចាប់តាំងពីបញ្ជូនខ្លួនដល់ប្រទេសថៃមក ខ្មាន់កាំភ្លើងបានស្នើសុំ សមត្ថកិច្ចមិនឱ្យសាច់ញាតិជួបមុខ ឬសួរសុខទុក្ខឡើយ ដោយរូបគេបានប្រាប់ម្ដាយតាមទូរស័ព្ទយ៉ាងខ្លីថា «ចង់ទទួលទោសនៅពន្ធនាគារ» ក៏រួចបិទទូរស័ព្ទ។
ស្នងការនគរបាលក្រុងបាងកក សង្កាត់១ លោក អដ្ឋាផន វង្សសិរិព្រីដា បានឲ្យដឹងថា សមត្ថកិច្ចនឹងស្នើសុំដីកាឃុំខ្លួន លោក អេកាឡាក់ ផែណយ ពីតុលាការព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែមករា នេះ ដើម្បីបន្តដំណើរការនីតិវិធីស៊ើបសួរ។
ជាមួយគ្នានេះ សមត្ថកិច្ចថៃ ក៏បានជំរុញទៅភាគីកម្ពុជា ឱ្យពន្លឿនការចាប់ខ្លួនជនសង្ស័យជនជាតិខ្មែរ ដែលប្រាប់ពីគោលដៅដល់ខ្មាន់កាំភ្លើង ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលបានគេចខ្លួនមកកម្ពុជាភ្លាមៗ ក្រោយពេលកើតហេតុ។
ក៏ប៉ុន្តែ ចំពោះអ្នកផ្ញើលុយឱ្យខ្មាន់កាំភ្លើង ឈ្មោះ ស៊ុមវ៉ាំង បាំរុងគីត ដែលប្រភពមួយចំនួន បានអះអាងថា ជាឈ្មោះភាសាថៃ របស់លោក លី រតនរស្មី អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលចុះចូលជាមួយគណបក្សកាន់អំណាច ហើយមានតួនាទីជាទីប្រឹក្សា លោក ហ៊ុន សែន នោះ តុលាការថៃ នៅមិនទាន់ចេញដីកាចាប់ខ្លួននៅឡើយ៕
រូប៖ គេហទំព័រ Khaosod English