អគ្គនាយកដ្ឋានពន្ធដារ បន្តផ្សព្វផ្សាយពីសិទ្ធិ និងកាតព្វកិច្ចអ្នកជាប់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (E-Filing) ដល់សហគ្រាសជាប់ពន្ធមធ្យម ចុះបញ្ជីពន្ធដារថ្មីៗ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-Filing)» សម្រាប់សហគ្រាសអ្នកជាប់ពន្ធមធ្យម ដែលបានចុះបញ្ជីពន្ធដារថ្មីៗ ក្រោមអធិបតីភាពរបស់លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារពាក់ព័ន្ធ ព្រមទាំងតំណាងសហគ្រាស ប្រមាណ ២០០នាក់។
លោក លីម ដឺលុច បានថ្លែងថា នៅក្នុងកម្មវិធីបើកសិក្ខាសាលា ដោយបានលើកឡើង អំពីសារសំខាន់នៃការរៀបចំសិក្ខាសាលានេះ គឺជាការផ្តល់សេវាបណ្តុះបណ្តាល ដែលជាផ្នែកមួយដើម្បីរួមចំណែកខ្ពស់ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ សម្រាប់សហគ្រាស ដែលទើបបានចុះបញ្ជីពន្ធដារជាស្ថាពរ។
លោកអគ្គនាយករង ក៏បានលើកឡើងថា ម្ចាស់សហគ្រាសត្រូវមានកាតព្វកិច្ចដាក់ប្រកាសពន្ធ និងបង់ពន្ធប្រចាំខែ និងប្រចាំឆ្នាំដោយអនុលោមទៅតាមបទប្បញ្ញត្តិ ស្តីពីពន្ធដារឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងទទួលរងនូវការផាកពិន័យ និងទោសទណ្ឌផ្សេងៗ។
លើសពីនេះ លោកអគ្គនាយករង ក៏បានលើកឡើងពីមន្រ្តីពន្ធដារ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដើម្បីអនុវត្តច្បាប់ឱ្យមានតម្លាភាពទាំងអ្នកជាប់ពន្ធ និងមន្រ្តីពន្ធដារ។ លោកអគ្គនាយករង បានមានប្រសាសន៍ថា នាពេលខាងមុខ អគ្គនាយកដ្ឋានពន្ធដារគ្រោងនឹងតភ្ជាប់ប្រព័ន្ធជាមួយក្រសួងការងារ ដើម្បីសម្រួលដល់ការប្រកាសពន្ធលើប្រាក់បៀវត្សរបស់សហគ្រាស។
ម្យ៉ាងវិញទៀត បុគ្គលិកក៏អាចប្រើប្រាស់កម្មវិធីគណនាពន្ធ លើប្រាក់បៀវត្ស (GDT Salary Tax App) ក្នុងការគណនាពន្ធលើប្រាក់បៀវត្សរបស់ខ្លួនផងដែ លោកអគ្គនាយករង បានជូនដំណឹងដល់សិក្ខាកាមទាំងអស់អំពី កម្មវិធីវិបស្សនាស្តីពីវឌ្ឍនភាព នៃប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់ផ្តល់សេវាតាមអនឡាញ (E-Tax Services)។ ការរៀបចំវិបស្សនានេះក្នុងគោលបំណងទទួលបាននូវធាតុចូល និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ (E-Tax Services) របស់អ្នកប្រើប្រាស់។
លោកក៏បានស្នើដល់សិក្ខាកាមទាំងអស់ឱ្យចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី។
ជាមួយគ្នានេះ លោកអគ្គនាយករង បានអំពាវនាវឱ្យអ្នកជាប់ពន្ធទាំងអស់ ចូលរួមផ្សងសំណាងតាមរយៈការប្រើប្រាស់ កម្មវិធីវិក្កយបត្រនាំសំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT Lucky Draw) ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ ពីអគ្គនាយកដ្ឋានពន្ធដារដោយគ្រាន់តែបញ្ចូល (Upload) វិក្កយបត្រដែលលោក-លោកស្រីទទួលបាននៅពេលទិញទំនិញឬសេវា៕