នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ បង្ហាញគម្រោងការឈរឈ្មោះបោះឆ្នោតសកលឆ្នាំ២០២៣
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃអង្គារនេះថា លោកចង់កាន់អំណាចរហូតដល់ឆ្នាំ២០២៥ ដែលបង្ហាញជាលើកដំបូងថា លោកគ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកល នាដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២។
ប្រទេសថៃគ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅដើមឆ្នាំក្រោយ ហើយនៅថ្ងៃអង្គារនេះគណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសនេះ បានចាប់ផ្តើមបង្ហាញប្រធានបទយុទ្ធនាការមួយចំនួនរបស់ខ្លួន។
លោក ប្រាយុទ្ធ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ហើយបានបន្តតំណែងនេះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ ដ៏ចម្រូងចម្រាស ខណៈប្រជាប្រិយភាពរបស់គាត់ ស្ថិតនៅក្នុងភាពស្រពិចស្រពិល។
គណបក្សភឿថៃជាប់ចំណាត់ថ្នាក់លេខ១ក្នុងការស្ទង់មតិ ប៉ុន្តែរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នដែលព្រាងក្រោមការគ្រប់គ្រងរបស់យោធា បានដាក់ប្រព័ន្ធនេះឱ្យគាំទ្រគណបក្សដែលមានទំនាក់ទំនងនឹងយោធា។
កាលពីខែកញ្ញាអាណត្តិប្រាំបីឆ្នាំរបស់ លោក ប្រាយុទ្ធ ត្រូវបានតុលាការធម្មនុញ្ញសម្រេចថា នឹងផុតកំណត់នៅឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានគេរំពឹងខ្ពស់ថា នឹងចាកចេញពីគណបក្ស Palang Parsharath ដែលដឹកនាំក្រុមចម្រុះកំពុងកាន់អំណាចបច្ចុប្បន្ន ហើយចូលរួមជាមួយគណបក្សថ្មីមួយ ដែលត្រូវបានគេជឿថាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គាត់មុនការបោះឆ្នោត៕