ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ កម្ពុជាបានដឹកនាំគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ដែលមានចំនួនសរុបប្រមាណ១៣០នាក់ ធ្វើទស្សនកិច្ចនៅទីក្រុងព្រះសីហនុ និងទីតាំងសំខាន់ៗមួយចំនួនទៀត ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើននៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា ក្នុងឱកាសសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក។
ដំណើរទស្សនកិច្ចក្នុងទីក្រុងនេះធ្វើឡើនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមបទឧទ្ទេសនាមដោយលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ អមដោយលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍។
គណៈប្រតិភូក្លិបឆ្នេរខាងលើបានទៅទស្សនកិច្ចនៅទីតាំងអាងចម្រុះទឹកកខ្វក់ក្នុងក្រុង ឆ្នេរអូរឈើទាល ដើរទស្សនាឆ្នេរសមុទ្រនៅពយជំទាវម៉ៅ ឆ្នេរអូរត្រេះ រួចហើយបន្តទៅដើមឈើចាំស្នេហ៍ បដិមាព្រះថោងនាងនាគ ព្រមទាំងទស្សនាហេដ្ឋារចនាសម្ពន្ធផ្លូវ និងការតុបតែងលម្អទីក្រុងនាពេលរាត្រីផងដែរ។
លោក ជុក ជំនោរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការរៀបចំឱ្យមានទស្សនកិច្ចជូនគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនេះ គឺដើម្បីឱ្យប្រតិភូក្លិបឆ្នេរបានសិក្សាស្វែងយល់ថា កម្ពុជាមានការគិតគូរច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន ដែលស័ក្តិសមជាសមាជិកភាពក្លិបឆ្នេរសមុទ្រស្អាតបំផុតនៅលើសាកលលោក បន្ទាប់បានចូលជាសមាជិកក្លិបឆ្នេររយៈពេល១០ឆ្នាំ។
ជាមួយគ្នានោះដែរ កម្ពុជាក៏ចង់ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍទាំងនេះទៅកាន់ប្រតិភូក្លិបឆ្នេរផងដែរ ហើយសង្ឃឹមថាប្រតិភូក្លិបឆ្នេរនឹងទទួលបានជាបទពិសោធន៍ ចំណេះដឹង និងយកជាគំរូក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ឆ្នេររបស់ពួកគេ។
នៅពេលរាត្រី កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះក៏បានរៀបចំកម្មវិធីលៀងសាយភោជន៍ ស្វាគមន៍ជូនគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរឯករាជ្យ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
គួរជម្រាបថា ប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះមានចំនួនសរុបប្រមាណ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក។ ប្រតិភូដែលអញ្ជើញចូលរួមនេះមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត មកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។
នៅថ្ងៃទី១០ ខែធ្នូស្អែកនេះផងដែរ ប្រតិភូក្លិបឆ្នេរទាំង១៣០រូបនឹងចូលរួមក្នុងពិធីបើកជាផ្លូវការនូវសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅសណ្ឋាគារសុខាប៊ិច ក្រុងព្រះសីហនុ ដែលធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕