មេបញ្ជាការប៉េអឹមស្រុកស្រែអំបិល បើករថយន្តលឿនបុក ជនជាតិឥណ្ឌាស្លាប់ម្នាក់ ហើយបើករត់គេច
របាយការណ៍បញ្ជាក់ថា ម៉ូតូជនរងគ្រោះ ម៉ាកហុងដាសេ ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ម៉ា ហិ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិឥណ្ឌា បានស្លាប់នៅកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្តឈ្មោះ ហន រស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល។ រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាកលុចសុីស Lx 470 ពណ៌ទឹកប្រាក់ បានបើកគេចខ្លួនភ្លាមៗ ពីកន្លែងកើតហេតុ ដោយបន្សល់ទុកវត្ថុតាងបំណែករថយន្តមាន ដូចជា៖ កាងក្រោយរថយន្ត អំពូលកាត់អ័ព្ទនិងកំទេចកំទីតូចៗជាច្រើនទៀត។
របាយការណ៍ដដែលនេះ សរសេរថា បច្ចុប្បន្ន ផ្នែកជំនាញកំពុងស្រាវជ្រាវស្វែងរករថយន្តបង្ក ដើម្បីនាំយកមកដោះស្រាយតាមនីតិវីធីច្បាប់។ ចំពោះសាកសព ផ្នែកជំនាញ ក៏បានប្រគល់ជូនសាច់ញាតិបងប្អូន នាំយកទៅបូជា ធ្វើបុណ្យនៅវត្តមាគាគីរីស្រែអំបិល។ ចំណែកម៉ូតូជនរងគ្រោះ បាននាំមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរង់ចាំរកដំណោះស្រាយតាមនីតិវិធីច្បាប់។
ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ របាយការណ៍ របស់អធិការដ្ឋានគរបាលស្រុកស្រែអំបិល បញ្ជាក់ថា បណ្តាលមកពី អ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន ហើយរេចង្កូតទៅបុកជាមួយ ម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា។
យ៉ាងណាក្រោយ សមត្ថកិច្ច ជំនាញបើកការស្រាវជ្រាវប្រើពេល ៤៨ម៉ោងរួចមក សមត្ថកិច្ច ក៏បានរកឃើញអ្នកបើកបរ និងរថយន្តបង្ក ម៉ាកលុចសុីស Lx470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង 2C 1777 និងបានដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ហន រស្មី មានតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្រែអំបិល របាយការណ៍ របស់នគរបាលស្រុកស្រែ បានរត់គេចខ្លួនបាត់ស្រមោល។
ទាក់ទិនបញ្ហានេះដែរ លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលារដំបូង ខេត្តកោះកុង មានប្រសាសន៍នៅថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ខាងមន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកស្រែអំបិល កំពុងកសាងសំណុំរឿង មកកាន់តុលាការខេត្តកោះកុង ដើម្បីបន្តនីតិវិធី។ លោកថា ករណីនេះ ខាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានទទួលសេចក្ដីរាយការណ៍បឋមរួចហើយៗ កំពុងរង់ចាំការកសាងសំណុំរឿងពី អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ឲ្យបានជាក់ច្បាស់ មុននឹងអនុវត្តនីតិវិធីជាបន្តទៀត។
យ៉ាងណាក៏ដោយចុះ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សខាងលើនេះ ខាងភាគីជនបង្ក និងភាគីគ្រួសារជនរងគ្រោះ បានជួបគ្នាសម្របសម្រួលដោះស្រាយសំណង ក្រៅប្រព័ន្ធច្បាប់រួចហើយ ដោយខាងភាគី លោក ហន រស្មី បានបង់សំណងជូនគ្រួសារជនរងគ្រោះចំនួន ៤ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងប្តឹងផ្តល់។
ទោះជាបែបនេះក្តី ក្រុមអ្នកច្បាប់ ក៏ដូចជាយោងតាមច្បាប់មាត្រា ៨៥ បានបញ្ជាក់ថា តាមទិដ្ឋភាពច្បាប់ ការបើកបរដោយធ្វេសប្រហែស ឈានទៅបុកអ្នកដទៃស្លាប់ រួចយកលុយសងជាសំណងជូនគ្រួសារជនរងគ្រោះ គឺមិនអាចរំលត់ទោសទណ្ឌ ឬអាចគេចផុតពីភាពទទួលខុសត្រូវ ចំពោះមុខច្បាប់បានទេ។
យ៉ាងនេះក្តី គេហទំព័រ «ខ្មែរស្ថាបនា» នៅមិនទាន់អាចទាក់ទង លោក ហន រស្មី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ដែលជាអ្នកបើកបររថយន្ត ឡិចស៊ីស ៤៧០ បុកជនជាតិឥណ្ឌាស្លាប់ ដើម្បីបំភ្លឺជុំវិញគ្រោះថ្នាក់ចរាចរណ៍ខាងលើបានទេ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។
ពាក់ព័ន្ធករណីនេះដែរ លោក ហួរ អ៉ីន អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ផ្អែកតាមទិដ្ឋភាពច្បាប់ ជនណាបើកបរដោយធ្វេសប្រហែស បណ្ដាលឲ្យអ្នកដទៃស្លាប់ ទោះបានផ្តល់សំណងរដ្ឋប្បវេណីជូនជនរងគ្រោះក្តី ក៏ប៉ុន្តែជនបង្ក ឬអ្នកបើកបររូបនោះ ត្រូវតែមានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន គឺមិនអាចសងត្រឹមសំណងរដ្ឋប្បវេណី ហើយអាចរំលត់ទោសទណ្ឌ របស់ខ្លួន ឬអាចរួចខ្លួនពីសំណាញ់ច្បាប់បានទេ។ ហើយថា សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍រូបនោះ ដើម្បីរង់ចាំធ្វើការដោះស្រាយ។
ចំពោះបញ្ហានេះ ប្អូនប្រុសជនរងគ្រោះ បានឲ្យដឹងថា លោកបានទទួលលុយចំនួន ៤ពាន់ដុល្លារ ពីភរិយា លោក ហន រស្មី ដែលសំណងនេះ រូបគាត់ បានព្រមព្រៀងគ្នា នៅក្រៅប្រព័ន្ធតុលាការ កាលពីល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។ ប៉ុន្តែលោកថា សំណងនេះ មិនស្របតាមការទាមទារ របស់លោក ចំនួន ៧ពាន់ដុល្លារនោះទេ។
យ៉ាងណាក៏ដោយចុះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន បានអះអាងថា នឹងឃ្លាំចាំមើលចំណាត់ការផ្លូវច្បាប់ របស់សាលាដំបូងខេត្តកោះកុង លើករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយឈ្មោះ ហន រស្មី មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ដែលបណ្តាលឲ្យស្លាប់បុរសជនជាតិឥណ្ឌាម្នាក់ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ថា តើតុលាការ នឹងមានចំណាត់ការទទួលបានលទ្ធផលផ្លែផ្កាត្រឹមកំរិតណា..៕