អង្គការសិទ្ធិមនុស្ស កំពុងរង់ចាំមើលចំណាត់ការ របស់តុលាការខេត្តកោះកុង លើសំណុំរឿង លោក ហន រស្មី មេប៉េអឹមស្រុកស្រែអំបិល ជិះរថយន្តបុក ជនជាតិឥណ្ឌាម្នាក់ស្លាប់ រួចរត់គេចខ្លួន
ខេត្តកោះកុង ៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំ ខេត្តកោះកុង ថ្លែងថា កំពុងទន្ទឹងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ ទៅលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលមានជនសង្ស័យឈ្មោះ លោក ហន រស្មី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល បើករថយន្តបុក ជនជាតិ ឥណ្ឌាម្នាក់ស្លាប់ ខណៈសំណុំរឿងនេះ ត្រូវបានអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានបញ្ជូនទៅដល់ដៃសាលាដំបូង ខេត្តកោះកុង រួចហើយ។
យ៉ាងណា រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ឃាត់ខ្លួន ឈ្មោះ ហន រស្មី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ខេត្តកោះកុង នៅឡើយទេ លើករណីបើករថយន្ត បុកបុរសជនជាតិឥណ្ឌាម្នាក់ស្លាប់ នៅចំណុចទល់មុខផ្ទះលោក យី ទី លក់គ្រឿងសំណង់ កាលពីម៉ោង ០៧ និង៤០នាទី យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ដើម្បីនាំខ្លួនជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូង ខេត្តកោះកុង ផ្តន្ទាទោសនៅឡើយ។
ទាក់ទិនករណីនេះ លោក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា រូបលោកបានបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើរួចហើយ ទៅកាន់សាលាដំបូង ខេត្តកោះកុង កាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។
លោកបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនបង្កបានបើករថយន្តយកទៅប្លុងទុកចោល រួចរត់គេចខ្លួនបាត់ស្រមោល។ ហើយ ចំពោះ ការសម្រេចក្តីបែបណា គឺជាសិទ្ធិ របស់តុលាការ ព្រោះផុតដៃ របស់សមត្ថកិច្ចលោកហើយ។
តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ផ្ញើជូន អយ្យការអមសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា នៅម៉ោង ៧ និង៤០នាទីយប់ ថ្ងៃទី០៦ ខែមករា ធ្ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១លើក រវាងរថយន្ត និងម៉តូ ក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង នៅលើផ្លូវលេខ១៤៨៣ ចំណុចទល់មុខផ្ទះ លោក យី ទី លក់គ្រឿងសំណង់ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បណ្ដាលឲ្យស្លាប់ បុរសជនជាតិឥណ្ឌាម្នាក់។
របាយការណ៍បញ្ជាក់ថា ម៉ូតូជនរងគ្រោះ ម៉ាកហុងដាសេ ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ម៉ា ហិ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិឥណ្ឌា បានស្លាប់នៅកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្តឈ្មោះ ហន រស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល។ រីឯ រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ម៉ាកលុចសុីស Lx 470 ពពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង 2C 1777 បានបើកគេចខ្លួនភ្លាមៗ ពីកន្លែងកើតហេតុ ដោយបន្សល់ទុកវត្ថុតាងបំណែករថយន្តមាន ដូចជា៖ កាងក្រោយរថយន្ត អំពូលកាត់អ័ព្ទ និងកំទេចកំទីតូចៗជាច្រើនទៀត។
របាយការណ៍ដដែលនេះ បានសរសេរថា ចំពោះសាកសពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនសាច់ញាតិបងប្អូន នាំយកទៅបូជា ធ្វើបុណ្យនៅវត្តមាគាគីរី ស្រែអំបិល។
ចំណែកម៉ូតូជនរងគ្រោះ បាននាំមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរង់ចាំរកដំណោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ។
ចំពោះមូលហេតុ បង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាម របាយការណ៍ របស់អធិការដ្ឋានគរបាលស្រុកស្រែអំបិល បញ្ជាក់ថា បណ្តាលមកពី អ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន ហើយរេចង្កូតទៅបុកជាមួយ ម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា។
បញ្ហានេះដែរ លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលារដំបូង ខេត្តកោះកុង មានប្រសាសន៍នៅថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ខាងមន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកស្រែអំបិល កំពុងកសាងសំណុំរឿង មកកាន់តុលាការខេត្តកោះកុង ដើម្បីបន្តនីតិវិធី។ លោកថា ករណីនេះ ខាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានទទួលសេចក្ដីរាយការណ៍បឋមរួចហើយៗ កំពុងរង់ចាំការកសាងសំណុំរឿងពី អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ឲ្យបានជាក់ច្បាស់ មុននឹងអនុវត្តនីតិវិធីជាបន្តទៀត។
យ៉ាងណាក៏ដោយចុះ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សខាងលើនេះ ខាងភាគីជនបង្ក និងភាគីគ្រួសារជនរងគ្រោះ បានជួបគ្នាសម្របសម្រួលដោះស្រាយសំណង ក្រៅប្រព័ន្ធច្បាប់រួចហើយ ដោយខាងភាគី លោក ហន រស្មី បានបង់សំណងជូនគ្រួសារជនរងគ្រោះចំនួន ៤ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងប្តឹងផ្តល់។
ទោះជាបែបនេះក្តី ក្រុមអ្នកច្បាប់ ក៏ដូចជាយោងតាមច្បាប់មាត្រា ៨៥ បានបញ្ជាក់ថា តាមទិដ្ឋភាពច្បាប់ ការបើកបរដោយធ្វេសប្រហែស ឈានទៅបុកអ្នកដទៃស្លាប់ រួចយកលុយសងជាសំណងជូនគ្រួសារជនរងគ្រោះ គឺមិនអាចរំលត់ទោសទណ្ឌ ឬអាចគេចផុតពីភាពទទួលខុសត្រូវ ចំពោះមុខច្បាប់បានទេ។
យ៉ាងនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក ហន រស្មី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ដែលជាអ្នកបើកបររថយន្ត ឡិចស៊ីស ៤៧០ បុកជនជាតិឥណ្ឌាស្លាប់ ដើម្បីបំភ្លឺជុំវិញគ្រោះថ្នាក់ចរាចរណ៍ខាងលើបានទេ តាមទូរស័ព្ទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។
ពាក់ព័ន្ធករណីនេះដែរ លោក ហួរ អ៉ីន អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ផ្អែកតាមទិដ្ឋភាពច្បាប់ ជនណាបើកបរដោយធ្វេសប្រហែស បណ្ដាលឲ្យអ្នកដទៃស្លាប់ ទោះបានផ្តល់សំណងរដ្ឋប្បវេណីជូនជនរងគ្រោះក្តី ក៏ប៉ុន្តែជនបង្ក ឬអ្នកបើកបររូបនោះ ត្រូវតែមានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន គឺមិនអាចសងត្រឹមសំណងរដ្ឋប្បវេណី ហើយអាចរំលត់ទោសទណ្ឌ របស់ខ្លួន ឬអាចរួចខ្លួនពីសំណាញ់ច្បាប់បានទេ។ ហើយថា សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍រូបនោះ ដើម្បីរង់ចាំធ្វើការដោះស្រាយ។
ចំពោះករណីនេះ ប្អូនប្រុសជនរងគ្រោះ បានឲ្យដឹងថា លោកបានទទួលលុយចំនួន ៤ពាន់ដុល្លារ ពីភរិយា លោក ហន រស្មី ដែលសំណងនេះ រូបគាត់ បានព្រមព្រៀងគ្នា នៅក្រៅប្រព័ន្ធតុលាការ កាលពីល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។ ប៉ុន្តែលោកថា សំណងនេះ មិនស្របតាមការទាមទារ របស់លោក ដែលមានចំនួន ៧ពាន់ដុល្លារនោះទេ។
យ៉ាងណាក៏ដោយចុះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន បានអះអាងថា នឹងឃ្លាំចាំមើលចំណាត់ការផ្លូវច្បាប់ របស់សាលាដំបូងខេត្តកោះកុង លើករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយឈ្មោះ ហន រស្មី មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ដែលបណ្តាលឲ្យស្លាប់បុរសជនជាតិឥណ្ឌាម្នាក់ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ថា តើតុលាការ នឹងមានចំណាត់ការទទួលបានលទ្ធផលផ្លែផ្កាត្រឹមកំរិតណា..?។
នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ដើម្បីបញ្ជាក់បន្ថែមទៅលើចំណាត់ការ របស់តុលាការ លើសំំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះទេ ខណៈសំណុំរឿង លោក ហន រស្មី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល បានទៅដល់ដៃ សាលាដំបូង ខេត្តកោះកុង រួចហើយនោះ..៕