អ្នកឃ្លាំមើលសង្គម ព្រួយបារម្ភចំពោះ បទល្មើសគ្រឿងញៀន បាញ់បោះសេរី និងចាប់បង្ខាំងមនុស្ស ជំរិតទារប្រាក់ បន្តកើតមានច្រើនករណី ក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ប្រចាំខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភ អំពីសុវត្ថិភាព និងសន្តិសុខ នៃការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាប់ឆ្នេរសមុទ្រមួយនេះ ខណៈខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ឃើញកើតមានករណីរួមមាន៖ ចោរលួចម៉ូតូ ចោរលួចគាស់ផ្ទះ ចោរឆក់ បាញ់បោះសេរី ជួញដូរគ្រឿងញៀន និងបទល្មើសចាប់បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់ជាដើម បានបន្តកើតមានជាបន្តបន្ទាប់ គិតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។
ការព្រួយបារម្ភជាថ្មី របស់ក្រុមអ្នកឃ្លាំំមើលផែនការអភិវឌ្ឍសង្គមខាងលើនេះ គឺបានកើតឡើងស្របពេល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបើកយុទ្ធនារការចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាក់ទងបទល្មើសទាំងនេះ បានជាច្រើនករណី និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់តុលាការផ្តន្ទាទោសជាបន្តបន្ទាប់។
សង្គមស៊ីវិល កត់សម្គាល់ថា ជាបន្តបន្ទាប់មកនេះ ឃើញសកម្មភាព របស់ម្លាំងសមត្ថកិច្ចជំនាញ ជាពិសេសកម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាប និងចាប់បានជនសង្ស័យទាក់ទង បទល្មើសខាងលើនេះជាច្រើនករណី និងបញ្ជូនជនល្មើសទៅកាន់តុលាការផ្តន្ទាទោស ជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសទាំងនេះ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ។
ជាក់ស្តែង កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ជនជាតិខ្មែរ ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០៣កញ្ចប់ ទម្ងន់ ២០ក្រាម (ទម្ងន់សុទ្ធ) ថ្នាំញៀនប្រភេទកេតាមីន (K) ចំនួន ០២កញ្ចប់ ទម្ងន់ ៣,១៦ក្រាម (ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន០៤គ្រឿង។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង០០នាទី នៅចំណុចភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០១នាក់ ជាជនជាតិខ្មែរ បានធ្វើសកម្មភាព លួចយកម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-8050 រួចជិះគេចខ្លួនបាត់។ បន្ទាប់មក កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក៏បានចុះស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនបានជនសង្ស័យ និងដកហូតវត្ថុតាងបាន នៅចំណុចផ្លូវភូមិថ្មី ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី។
ចំណែក កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ក៏បានបើកយុទ្ធនាការចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណី ផ្ទុះអាវុធ នៅក្នុងក្រុងព្រះសីហនុ ហើយសមត្ថកិច្ច បានដកហូតកាំភ្លើងខ្លីមួយដើម គ្រាប់ និងវត្ថុតាងមួយចំនួនទៀត។
បទល្មើសផ្ទុះអាវុធនេះ បានកើតឡើង កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខក្លឹបកំសាន្ត អូស្កា ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយជនបង្ក មានគ្នាប្រមាណ ០៥នាក់។ ហើយ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ ក៏បានឡើងជិះរថយន្តចំនួន ០២គ្រឿង ដើម្បីរត់គេចខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចាត់ឱ្យ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ ហើយបានរកឃើញសំបកគ្រាប់កាទូសចំនួន ៥គ្រាប់ បន្សល់ទុកនៅកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបន្តការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ភេទប្រុស (ជនជាតិខ្មែរ ១នាក់ និងជនជាតិចិន ៣នាក់) នៅកាស៊ីណូ មួយកន្លែង ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
យុទ្ធនាការនេះ សមត្ថកិច្ច បានដកហូតសម្ភារៈវត្ថុតាងរួមមាន ៖ អាវុធខ្លី ១ដើម ម៉ាក Sigsauer P365 មានលេខសម្គាល់ 66A985948 (បង់ ២ មាន ១៤គ្រាប់) សំបកគ្រាប់កាទូស ៥គ្រាប់ រថយន្ត ២គ្រឿង ១គ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8726 និង ១គ្រឿង ទៀត ម៉ាក Peugot ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E-8998។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស។
រីឯ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ០៣ករណី ផ្សេងៗគ្នា ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ ស្រី (០១)។
– ករណីទី១ ចុះបង្ក្រាបនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោង ១០យប់ ឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ មានឈ្មោះ ណា សារី ភេទ ប្រុស ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ រី សុខណាន ភេទប្រុស មុខរបររត់ផាស់អេប ទីលំនៅ មិនពិតប្រាកដ។
– ករណីទី២ ចុះបង្ក្រាបនៅភូមិដូង សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោង ១១យប់ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ អេង សុខហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅក្រុម ១១ ភូមិ ០១ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ។
– ករណីទី៣ ចុះបង្ក្រាបនៅភូមិដូង សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងជិត ១២យប់ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ម៉ុន នូ ភេទ ស្រីជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅសង្កាត់ ១ ក្រុង-ខេត្តព្រះសីហនុ។
ចំពោះវត្ថុតាង សរុបរួមមាន ៖ ម្សៅសារធាតុញៀន ៣០កញ្ចប់, ទូរស័ព្ទដៃ ២គ្រឿង, ផាស្អាប់ ០១គ្រឿង។
សមត្ថកិច្ច បញ្ជាក់ថា ចំពោះជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងជំនាញ នៃ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយឡែក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ភេទ ប្រុស ជនជាតិខ្មែរ សង្ស័យពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ)។
សមត្ថកិច្ចបញ្ជាក់ថា នៅម៉ោង ១២ និង៣០នាទី ថ្ងៃទី១៥ ខែមីនា កម្លាំងជំនាញ បានចុះល្បាតតាមមធ្យោបាយម៉ូតូ ដោយល្បាតតាមដងផ្លូវដែលងាយរងគ្រោះ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុចការ៉ាស់សាំងឈ្មោះ លីមទ្បុង ម្តុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏បានប្រទះឃើញជនសង្ស័យ ០២នាក់ កំពុងអឺតមើលផ្ទះប្រជាពលរដ្ឋគួរអោយសង្ស័យ ពេលនោះសមត្ថកិច្ច ក៏បានចូលទៅសួរនាំនិងត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំង ០២នាក់នោះ បានរត់គេចខ្លួនហើយសមត្ថកិច្ច ក៏បានឃាត់ខ្លួនបាន ម្នាក់។ ដោយទ្បែក បក្ខពួក ១នាក់ទៀត បានរត់គេចខ្លួន។
ចំពោះសម្ភារៈ ឬវត្ថុតាង ចាប់យកបានរួមមាន ៖
– ម៉ូតូ ១គ្រឿងម៉ាក SIRIUS FI ពណ៏ខ្មៅ (គ្មានស្លាកលេខ)
– ទូរស័ព្ទ១គ្រឿងម៉ាក VIVO ពណ៏ទឹកមុទ្រ
– ទូរស័ព្ទ១គ្រឿងម៉ាក OPPP ពណ៏ខ្មៅ
– ដែកកាប់អូតូ ចំនួន២
– កន្រ្តៃធំកាត់ខ្សែរភ្លើង ១ដើម
– កន្រ្តៃតូចកាត់ខ្សែរភ្លើង ១ដើម
– ទុរវីចំនួន ២ដើម
– ទុរវីសភ្លើងចំនួន ២ដើម
– កូនកាំបិតចំនួន ៤ដើម
– សោរទ្បែម ចំនួន១
ករណីនេះ កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសួរជនសង្ស័យ។
ផ្តើមពីបញ្ហានេះ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម បានស្នើដល់កម្លាំងសមត្ថកិច្ចចម្រុះ គ្រប់ជំនាញ ឲ្យពង្រឹងបន្ថែមសកម្មភាពការងារចុះល្បាត ជាពិសេសពេលយប់ ឲ្យបានជាប្រចាំ នៅតាមមូលដ្ឋាន ឬទីតាំងនានា ដែលងាយរងគ្រោះ។ ជាងនេះទៀត ក៏ស្នើដល់ស្ថាប័នតុលាការ ក៏ត្រូវពង្រឹងការអនុវត្តច្បាប់ ឲ្យបានធ្ងន់ធ្ងរដល់ជនល្មើសទាំងនោះ ឲ្យបានធ្ងន់ធ្ងរ ដើម្បីឲ្យរាងចាល។
យ៉ាងនេះក្តី គេសង្គេតឃើញថា ជារៀងរាល់យប់ថ្ងៃ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនកម្លាំងចុះល្បាត នៅតាមគោលដៅមិនធ្វេសប្រហែសនោះទេ ជាពិសេសគោលដៅងាយរងគ្រោះ ហើយបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោស៕