បុរស​បទេសម្នាក់ ចាប់​ក្បាលបុរស​ដឹកអីវ៉ាន់​អនឡាញម្នាក់ ផ្ទប់កញ្ចក់រថយន្តបែកក្បាល ព្រោះដឹកស្រាមកឲ្យយឺត២នាទី

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជនជាតិបទេសម្នាក់ បាន​កុម្មង់ស្រាមួយ​ដប ពីហាងលក់ទំនិញ ប៉ុន្តែដោយសារតែ បុរសអ្នកដឹកអីវ៉ាន់តាមអនឡាញម្នាក់ ដឹកយកមកឲ្យយឺត ២នាទី ក៏បង្ក ទៅជាជម្លោះប្រតាយប្រតប់គ្នា ហើយជនបរទេស​រូបនោះ បានចាប់ក្បាលបុរសអ្នកដឹកអីវ៉ាន់ បោកផ្ទប់នឹងកញ្ចក់រថយន្តមួយគ្រឿង បណ្តាលឱ្យបែកកញ្ចក់ និង​បែកក្បាលហូរឈាមពេញមុខ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៩និង២០នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខ​ខុនដូ​មួយកន្លែង ស្ថិតនៅតាមបណ្តាយផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បុរសរងគ្រោះ ដែលជាអ្នកដឹកអីវ៉ាន់តាមអនឡាញ ឱ្យក្រុមហ៊ុនឈ្មោះ (ញ៉ាម) បានរៀបរាប់ ថា មុនពេលកើតហេតុ មានបុរសជនបរទេសម្នាក់ ដែលជាជនបង្ក បានកុម្មង់ស្រាមួយដប ឱ្យដឹកយកទៅឱ្យនៅខុនដូមួយកន្លែង ក្នុងខណ្ឌបឹងកេងកង។ ក្រោយមកបុរសរងគ្រោះ ក៏បានដឹកស្រាមួយដបនោះយកទៅដល់មុខខុនដូនោះ។

បន្ទាប់មកបុរសជនបរទេសរូបនោះ ក៏បានចុះមកស្រែកឡូឡាដោយចោទទៅលើអ្នកដឹកអីវ៉ាន់តាមអនឡាញថា ដឹក​មក​យឺត ២នាទី ក្រោយមកក៏កើតជាជម្លោះប្រតាយប្រតប់គ្នា ធ្វើឱ្យបុរសជនបរទេស ចាប់បុរសអ្នកដឹកអីវ៉ាន់ បោកក្បាលផ្ទប់ទៅនឹងកញ្ចក់រថយន្តមួយគ្រឿង ដែលចតនៅក្បែរកន្លែងកើតហេតុ បណ្តាលឱ្យបែកកញ្ចក់​។

ចំណែកឯអ្នកដឹកអីវ៉ាន់អនឡាញវិញ បានបែកក្បាលហូរឈាម និងបន្តវាយប្រតាយប្រតប់គ្នាពេញផ្លូវ ផ្អើលដល់សមត្ថកិច្ចខណ្ឌបឹងកេងកង ចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។

អំឡុងពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកឃាត់ខ្លួនបុរសជនបរទេស និងនាំអ្នកដឹកអីវ៉ាន់អនឡាញ នាំ​យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី១ ដើម្បីសាកសួរបន្ត។ ក្រោយពីសាកសួររួច បុរសជនបរទេស ជាអ្នកបង្កក៏ព្រមសងថ្លៃការខូចខាត និងមើលរបួសអ្នករងគ្រោះ ដើម្បីបញ្ចប់រឿង៕

ព័ត៌មានដែលជាប់ទាក់ទង