បិទវគ្គបណ្តុះបណ្តាល​ សង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរ ​មកកម្សាន្តខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹក​ អមស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ ដែលចូលមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលប្រជុំ របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងឆ្មាំឆ្មេរខេត្តព្រះសីហនុ ព្រមទាំងវិស័យឯកជនចូលរួមសិក្សារយៈពេល ៥ថ្ងៃ។

លោកវរនាវីឯក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹក អមស្ថានទូតថៃប្រចាំកម្ពុជា តំណាងឯកអគ្គរាជទូត ថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្ដាលការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ជាចំណុចចាប់ផ្តើមកិច្ចសហប្រតិបត្តិការ រវាងស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ជាមួយអង្គភាពពាក់ព័ន្ធក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ ដើម្បីលើកកំពស់សមត្ថភាពមន្ត្រីអាជ្ញាធរខេត្ត ក្នុងកិច្ច ការជួយ​សង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក រួមទាំងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យទេស​ចរណ៍ និងសេដ្ឋកិច្ចខេត្តព្រះសីហនុ ឲ្យកាន់តែរី​កចំរើន​ថែមទៀតនាថ្ងៃអនាគត។

លទ្ធផល នៃវគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូបង្វឹក បានបញ្ជាក់ថា សិក្ខាកាមគ្រប់រូបមានការតាំងចិត្ត និងឆន្ទះខ្ពស់ក្នុងការសិក្សាហ្វឹកហ្វឺន នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ សិក្ខាកាមក្នុងការទទួលបានចំណេះដឹង សមត្ថភាព និងជំនាញ ក្នុងកិច្ចការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹកប្រកបដោយប្រសិទ្ធិភាពខ្ពស់ ចំគោលដៅ និងតាមគោល បំណង របស់លោកអភិបាលខេត្តព្រះសីហនុ ដែលចង់បាននាពេលកន្លងមក។

នាឱកាសនោះដែរ គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល​ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក គឺមានសារៈសំខាន់ណាស់ដើម្បីជួយដល់ការងារពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្ត ខេត្តព្រះសីហនុ។ លោកបន្តថា វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ គឺកើតចេញពីជំនួប រវាងរូបលោក ជាមួយ លោក ឈឿតគៀត អាថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ថៃលើវិស័យទេសចរណ៍ និងរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និត និងអាចធ្វើការរួមគ្នាលើកិច្ចសហការ ក្នុងវិស័យផ្សេងៗទៀតដូចជា ៖ វិស័យពាណិជ្ជកម្ម ការតាំងពិពរណ៌សុខាភិបាល និងអប់រំជាដើម។ល។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគ្រូបង្វឹក និងជំនួយការគ្រូបង្វឹក ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសបង្វឹក និងបង្ហាត់បង្ហាញទាំងទ្រឹស្តី និងលំហាត់ជាក់ស្តែងនៅក្នុងថ្នាក់ និងកន្លែងហ្វឹកហាត់ដល់សិក្ខាកាមឆ្មាំឆ្នេរសមុទ្រចំនួន ២៤នាក់ ក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។

ព្រមជាមួយគ្នានេះ លោក គួច ចំរើន ក៏បានថ្លែងអំណរគុណដល់ លោកឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ លោក ជំនឿជឿជាក់ថា រយៈពេល ៥ថ្ងៃកន្លងមកនេះ ឆ្មាំឆ្នេរកម្ពុជា របស់យើង បានទទួលនូវចំណេះដឹង បទពិសោធន៍ និងការអនុវត្តជាក់ស្តែង អំពីវិធីសាស្ត្រជួយសង្រ្គោះជីវិតមនុស្ស ខណៈពេលមានគ្រោះ អាសន្ននៅលើផ្ទៃសមុទ្រ។

​លោកអភិបាលខេត្ត សង្ឃឹមថា នៅថ្ងៃខាងមុខ កម្ពុជា-ថៃ នឹងបន្តការគាំទ្រសេវាជួយសង្គ្រោះ ដើម្បីមានធនធានមនុស្សបំរើសេវាជួយសង្គ្រោះប្រជាជនកម្ពុជា ដែលចូលមកលេងកម្សាន្ត និងអាចជួយសង្គ្រោះជនបរទេសផ្សេងៗទៀត ដែលចូលមកកម្សាន្តនៅខេត្តព្រះសីហនុ ​ដោយមិនមានរើសអើងជាតិសាសន៍នោះទេ៕

ព័ត៌មានដែលជាប់ទាក់ទង