រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នាពេលខាងមុខ ចក្រភពអង់គ្លេស អាចនឹងមកបើកសាលកវិទ្យាល័យ នៅកម្ពុជា។
សម្ដេចតេជោលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ខាងមុខនេះ អាចនឹងមានសាកលវិទ្យាល័យពីបរទេស មកបើកទៀតផង ឯកអគ្គរដ្ឋទូតអង់គ្លេស និងគណៈប្រតិភូអង់គ្លេស ដែលជួបខ្ញុំតែងនិយាយជាមួយខ្ញុំ ថាខាងមុខនេះ អង់គ្លេស អាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា ដែលនោះក៏ជាឱកាស ដែលអ្នកពុំមានលទ្ធភាពបញ្ជូននិស្សិត ទៅរៀននៅប្រទេសក្រៅ ហើយដែលឱ្យកូនរៀនភាសាអង់គ្លេសតាំងតូចនោះ គឺមានឱកាសចូលមហាវិទ្យាល័យសាកលវិទ្យាល័យ ក្នុងប្រទេសយើងតែម្ដង។
ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានបញ្ជាក់ថា ការសិក្សានៅក្នុងប្រទេស វានឹងមានការចំណាយតិចជាងការសិក្សានៅក្រៅប្រទេស ដែលនេះជាឱកាស ដែលបងប្អូនអាចមានលទ្ធភាពរៀននៅសាលាល្អៗបាន៕