ពលរដ្ឋ រិះគន់កម្លាំងនគរបាលមួយក្រុម ចុះចាប់មនុស្សដាក់ទ្បាន ដោយគ្មានដីកាពីតុលាការ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ បានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅជិតកំពង់ដកោះនរា បន្ទាប់ពីមានមនុស្សមួយក្រុម ស្លៀកពាក់ជាស៊ីវិល ជិះរថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ.2S.23.16 និងម៉ូតូមួយគ្រឿងម៉ាក់ PCXពណ៌ខ្មៅ.ពាក់ស្លាកលេខ.ន.ប.1.84.03 បានចុះទៅចាប់ប្រជាពលរដ្ឋ ដាក់ចូលក្នុងរថយន្ត របស់ខ្លួន ដោយមិនបានបញ្ជាក់អំពីមូលហេតុ។
ដោយឃើញបែបនេះ ក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាស្រែកឆោឡោឡើង ទើបមនុស្សមួយក្រុមនោះ បាននាំគ្នាជិះរថយន្តចេញពីកន្លែងកើតហេតុ។
ចំណែកជនរងគ្រោះ មិនត្រូវបានមនុស្សមួយក្រុមនោះ ចាប់បាននោះទេ។
ប្រភព បញ្ជាក់ថា ជនរងគ្រោះឈ្មោះ មិន បូរ៉ា ភេទ ប្រុស អាយុ ២៩ឆ្នាំ និងឈ្មោះ ស្រី មករា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រីឯមនុស្សមួយក្រុមនោះ មិនបានបង្ហាញអត្តសញ្ញាណ របស់ខ្លួនថា មកពីផ្នែកណានោះទេ។
ហេតុការណ៍នេះ បានកើតឡើង នៅកែងកំពង់ដកោះនរា ស្ថិតភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោងជាង ៥ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣៕